រដ្ឋបាលខេត្តកំពត ទទួលជួបគណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីសិក្សាឈ្វេងយល់ពីសភាពការណ៍ទូទៅ និងបញ្ហាប្រឈមនៃជំងឺកូវីដ១៩

AKP កំពត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០  ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ បានទទួលជួបសំណេះសំណាលជាមួយ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ ព្រមទាំងលោក លោកស្រីជាអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មការ និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិផងដែរ។

ជំនួបនេះ គឺក្នុងគោលបំណងឈ្វេងយល់ ទាក់ទងសភាពការណ៍ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ខេត្ត ដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវលើវិស័យទទួលបន្ទុករួម របស់គណៈកម្មការទី២ នៃរដ្ឋសភា មានការងារ ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិសេសពីបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជម្រាបជូនគណៈប្រតិភូ នៃគណៈកម្មការទី២រដ្ឋសភា អំពីសភាពការណ៍ទូទៅ ទាំងការងាររក្សាសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈ  សង្គម ការងារសេដ្ឋកិច្ច ការងារបង្ការទប់ស្កាត់ និងការដោះស្រាយបញ្ហា ការរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តកំពត ទទួលលទ្ធផលនិងមានលក្ខណៈល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងទៀតថា បើទោះបី បញ្ហាជំងឺកូវីដ១៩ មានការ រាតត្បាតជាសកល ប៉ុន្តែបញ្ហាគ្រប់គ្រងចំណូលសម្រាប់ចូលថវិកាជាតិ ខេត្តកំពតមាន លក្ខណៈល្អប្រសើរ មិនមានការថយចុះដែលធៀបទៅនឹងផែនការប្រចាំឆ្នាំឡើយ។ រីឯបញ្ហាទេសចរណ៍ ក៏នៅតែមានភ្ញៀវជាតិ អន្តរជាតិ មកទស្សនា សម្រាកកម្សាន្ត យ៉ាងច្រើនកោះករ រៀងរាល់ថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យផ្សេងៗ ប្រៀបធៀបទៅនឹងខេត្ត មួយចំនួននៃប្រទេសកម្ពុជា។ ចំណែក ឯការបង្ការទប់ស្កាត់ និងការដោះស្រាយបញ្ហា ជំងឺកូវីដ១៩ ខេត្តកំពត រួមទាំងទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា និងប្រជាពលរដ្ឋ និងក្រោមការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ខេត្តកំពតបានដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព មិនមានការរីករាលដាល ឆ្លងដល់សហគមន៍ ឬក៏មានប្រជាពលរដ្ឋណាម្នាក់អត់បាយ ឬស្លាប់ដោយ សារជំងឺកូវីដ១៩ ឡើយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២នៃរដ្ឋសភា ក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អ ប្រសើររបស់រដ្ឋបាលខេត្ត ក៏ដូចជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ក្នុងនោះពាក់ព័ន្ធការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមនៅក្នុងខេត្ត និងតាមព្រំដែន កម្ពុជា-វៀតណាមព្រមទាំងការងារសេដ្ឋកិច្ច បញ្ហាប្រឈម និងការដោះស្រាយការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងល្អ និងមានប្រសិទ្ធភាព។ ដោយរក្សា និងការគ្រប់គ្រង បានលំនឹងនូវប្រភពចំណូលចូលថវិកាជាតិ និងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មិនមានការឆ្លងនៅក្នុងសហគមន៍ឡើយ ព្រមទាំងបានដោះស្រាយជីវភាពជូន ប្រជាពលរដ្ឋបានទាន់ពេលវេលា មិនមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬដោយអត់អាហារក្នុងដំណាក់កាលដែលពិភពលោកជួបវិបត្តិជំងឺកូវីដ១៩នេះឡើយ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បាន ស្នើដល់រដ្ឋបាលខេត្ត ក៏ជាថ្នាក់ដឹកនាំ មន្ត្រីគ្រប់មន្ទីរស្ថាប័នក្នុងខេត្តទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យ បានកាន់តែល្អប្រសើរថែមទៀត ពិសេសសាមគ្គីគ្នា ឱ្យបានកាន់តែរឹងមាំថែមទៀត ក្នុងកិច្ចការអនុវត្តការងារដោយផ្អែកលើគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្រប តាមលក្ខណៈច្បាប់ ដើម្បីការដោះស្រាយ និងជំរុញការអភិវឌ្ឍបម្រើប្រទេសជាតិ និងប្រជាជន រស់នៅប្រកបដោយសុខដុមរមនា បន្ថែមទៀត៕

ដោយ ប្រាក់ លាង