ជនស៊ីវិល ២នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់តួកគីនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខផ្លូវការបាននិយាយថា កាលពីល្ងាចថ្ងៃអង្គារ មានជនស៊ីវិលចំនួន ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដោយយន្តហោះគ្មានមនុស្សបើកទៅលើរថយន្តមួយនៅទីប្រជុំជន Khana Sor ស្ថិតក្នុងខេត្ត Nineveh នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង។

សេវាកម្មព័ត៌មាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់សម្តីដោយទីភ្នាក់ ងារព័ត៌មានអ៊ីរ៉ាក់ដែលគ្រប់គ្រងដោយរដ្ឋថា «យន្តហោះគ្មានមនុស្សបើករបស់តួកគីបានរំលោភលើដែនអាកាសអ៊ីរ៉ាក់ នឹងបានកំណត់គោលដៅទៅលើយានយន្តដឹកអ្នកដំណើរមួយនៅក្នុងភូមិ Bahrava ក្នុងតំបន់ Khana Sor នៅភាគខាងជើងនៃស្រុក Sinjar កាលពីវេលាម៉ោង ៧:០០យប់ថ្ងៃអង្គារ [16:00 GMT] ដែលជាលទ្ធផលបានបណ្តាលឱ្យជនស៊ីវិល ២នាក់បានស្លាប់ ហើយអ្នកបើកបរយានយន្តនោះបានរួចផុតពីសេចក្តីស្លាប់»។

សេចក្តីថ្លែងការណ៍បាននិយាយថា កន្លែងមួយផ្សេងទៀតនៅក្នុងស្រុក Sinjar ក៏បានក្លាយជាគោលដៅដែលបានវាយប្រហារដែរ ប៉ុន្តែចំនួនជនរងគ្រោះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីជម្លៀសអ្នកដែលស្លាប់ និងរងរបួស។

នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង គឺជាតំបន់របស់ប្រជាជនឃឺដដែលទីក្រុងអង់ការ៉ាបើកការវាយប្រហារជាទៀងទាត់ដោយបានចាត់ទុកគណបក្សពលករឃឺដ (PKK) ថា ជាក្រុមភេរវករ។

តួកគីបានធ្វើការប្រយុទ្ធជាមួយ PKK ដែលស្វែងរកការបង្កើតស្វ័យភាពឃឺដនៅក្នុងប្រទេសតួកគីចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ មក។ PKK និងទីក្រុងអង់ការ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយនៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែវាបានបរាជ័យនៅពីរឆ្នាំក្រោយមក ដោយសារការវាយប្រហារភេរវកម្មជាច្រើនដែលត្រូវបានចោទប្រកាន់ថា ជាការប្រព្រឹត្តិរបស់ពួកសកម្មប្រយុទ្ធ PKK ។

ចាប់តាំងពីមូលដ្ឋានយោធា PKK ដាក់ទីតាំងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់មក ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការនៅតាមដីគោក និងតាមដែនអាកាសជាប្រចាំនៅក្នុងតំបន់នេះ។

កាលពីពាក់កណ្តាលខែសីហា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក៏បានរាយការណ៍ថា យ៉ាងហោចណាស់មានមន្រ្តីពីរនាក់នៃឆ្មាំព្រំដែនរបស់ប្រទេសនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយ UAV របស់តួកគី។

ជាការឆ្លើយតប អាជ្ញាធរអ៊ីរ៉ាក់បានលុបចោលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar ទៅកាន់ទីក្រុងបាកដាដ ហើយបានចេញដីកាកោះហៅឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅរដ្ឋធានីអ៊ីរ៉ាក់ឱ្យចូលខ្លួនផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)