ប្រទេសចំនួន​ ២៧ ចង់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទ២៧ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី១១ ខែសីហា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅក្នុងពិភពលោកដែលបានចុះបញ្ជីវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩ ។

​ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatiana Golikova បាននិយាយថា មានប្រទេសចំនួន ២៧ បាន សម្តែងនូវបំណងចង់ទិញវ៉ាក់សាំងប្រឆាំងមេរោគឆ្លងកូរ៉ូណាវីរុសនេះពីរុស្ស៊ី។

លោកស្រីបាននិយាយបន្ថែមថា ទីតាំងឧស្សាហកម្មចំនួន ៣ សម្រាប់ផលិតវ៉ាក់សាំងនេះត្រូវបានជ្រើសរើសរួចហើយ។

កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ីបានទទួលការអនុញ្ញាតឱ្យធ្វើការសាកល្បងព្យាបាលក្រោយការចុះបញ្ជីវ៉ាក់សាំងវីរុសនេះ។ ការសាកល្បងដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន ៤០.០០០នាក់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនឹងត្រូវអនុវត្តនៅក្នុងស្ថាប័នវេជ្ជសាស្រ្តគ្រប់គ្រងដោយរដ្ឋមួយចំនួននៅក្នុងទីក្រុងមូស្គូ។

ប្រទេសរុស្ស៊ីបានចុះឈ្មោះជាផ្លូវការនូវវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសរបស់ខ្លួននេះថា Sputnik V កាលពីថ្ងៃទី ១១ ខែសីហា។ វាត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ និងក្រសួងការពារជាតិរុស្ស៊ី ហើយវាគឺជាវ៉ាក់សាំងដំបូងបង្អស់របស់ពិភពលោកប្រឆាំងនឹងវីរុសដែលបានសម្លាប់មនុស្សយ៉ាងច្រើននេះ ហើយដោយយោងតាមអង្គការសុខភាពពិភពលោកបានអះអាងថា វីរុសនេះបានសម្លាប់មនុស្សជាង ៨១៤.០០០នាក់នៅទូទាំងពិភពលោក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)