អាស៊ាន និងកូរ៉េខាងត្បូងរៀបចំកិច្ចសន្ទនាលើកទី ២៤

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៦ ខែសីហា កិច្ចសន្ទនាលើកទី២៤ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ។

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពអាស៊ាន – កូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការការពារ និងបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជាវិស័យសមុទ្រ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ទំនាក់ទំនង មីក្រូ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ថាមពល និងសន្តិសុខស្បៀងអាហារ ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការការពារគ្រោះមហន្តរាយធម្មជាតិ និងការបម្រែបម្រួលអាកាសធាតុ។

ប្រទេសជាសមាជិកអាស៊ានបានចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូយូរអង្វែង និងជិតស្និទ្ធរបស់ប្លុក ហើយបានទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្មរបស់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។

ពួកគេក៏បានស្វាគមន៍ដល់សាធារណរដ្ឋកូរ៉េនូវការចូលរួមចំណែកផ្នែកហិរញ្ញប្បទានទ្វេដងដល់មូលនិធិសហប្រតិបត្តិការអាស៊ាន – កូរ៉េ ពីថវិកាចំនួន ៧លានដុល្លារអាមេរិក ដល់ ១៤លានដុល្លារអាមេរិក ហើយបានថ្លែងអំណរគុណដល់ប្រទេសនេះដែលបានផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិកដល់មូលនិធិអាស៊ាន ជាការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ព្រមទាំងកញ្ចប់គ្រឿងបរិក្ខាវេជ្ជសាស្ត្រដែលមានតម្លៃ ៥លានដុល្លារ       អាមេរិក ការផ្តល់អាហារូបករណ៍ក្រោយឧត្តមសិក្សាដែលមានតម្លៃ ៨លានដុល្លារអាមេរិកដល់បណ្តាប្រទេសអាស៊ាន និងថវិកាដែលអាចប្រើប្រាស់បានចំនួន ៦លានដុល្លារអាមេរិកសម្រាប់អនុវត្តសកម្មភាពនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។

ជាមួយគ្នានេះដែរ សាធារណរដ្ឋកូរ៉េបានបញ្ជាក់ថា ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អាស៊ានតាមរយៈកម្មវិធីឆ្លើយតបរហ័សដែលមានទឹកប្រាក់ ១០លានដុល្លារអាមេរិក ក៏ដូចជាពង្រឹងកិច្ចសម្របសម្រួលជាមួយប្លុកនេះក្នុងការសិក្សា និងអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំនានា។

ប្រទេសនេះក៏បានសន្យាគាំទ្រដល់អាស៊ានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងជម្នះនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារជំងឺរាតត្បាតផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)