ប្រទេសសិង្ហបុរីមានគោលបំណងរក្សាឱកាសការងារចំពេលដែលមានវិបត្តិជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — ប្រធានាធិបតីសិង្ហបុរី លោក Halimah Yacob បានថ្លែងនៅក្នុងពិធីបើកសម័យប្រជុំសភាលើកទី ១៤ ថា តម្រូវការចាំបាច់ដើម្បីទ្រទ្រង់ការងារនឹងនៅតែជាអាទិភាពកំពូលមួយសម្រាប់ប្រទេសសិង្ហបុរីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យោងទៅតាមលោកប្រធានាធិបតីរូបនេះបានឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានពង្រីកនូវសម្ពាធហិរញ្ញវត្ថុដែលប្រឈមមុខដោយនិយោជិតសិង្ហបុរី។

ដើម្បីបង្កើតការងារបន្ថែមទៀត ប្រទេសនេះត្រូវការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនជាបន្ទាន់ និងស្វែងរកមធ្យោបាយថ្មីៗដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។

លោក Yacob បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសិង្ហបុរីគួរតែពិចារណាអំពីវិធីពង្រឹងបណ្តាញសុវត្ថិភាពសង្គមដើម្បីឱ្យប្រជាជនអាចទប់ទល់នឹងហានិភ័យនៅក្នុងជីវិតរស់នៅរបស់ពួកគេឱ្យបានប្រសើរជាងមុន។

ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសសិង្ហបុរីត្រូវការធ្វើឱ្យប្រសើរឡើងជា បណ្តើរៗ នូវឧស្សាហកម្មអាកាសចរណ៍ ពង្រឹងការតភ្ជាប់ឌីជីថលក្នុងតំបន់ និងពង្រឹងភាពធន់បន្ថែមទៀតនៅក្នុងវិស័យសំខាន់ៗ ដូចជាវិស័យស្បៀងអាហារ ការថែទាំសុខភាព និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីបង្កើតសន្ទុះសម្រាប់ប្រភពកំណើនថ្មី។

កន្លងមក ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat បាននិយាយថា រដ្ឋាភិបាលសិង្ហបុរីនឹងចំណាយថវិកាចំនួន ៨ប៊ីលានដុល្លារសិង្ហបុរី (៥,៨ប៊ីលានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់បណ្តាក្រុមហ៊ុនអាជីវកម្មនានាដើម្បីរក្សា និងបង្កើតការងារសម្រាប់ពលករ និងទាញយក         ឱកាសពេញលេញសម្រាប់កំណើនសេដ្ឋកិច្ច។

នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ត្រូវបានឃើញនូវស្ថានភាពដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តមក និងដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅតែមានភាពស្មុគស្មាញ ប្រទេសសិង្ហបុរីនឹងជំរុញយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញដោយផ្តោតសំខាន់ទៅលើការបង្កើតការងារថ្មី គាំទ្រឧស្សាហកម្មដែលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច និងប្រើប្រាស់ឱកាសកំណើន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)