ប្រទេសម៉ាឡេស៊ីចង់រឹតបន្តឹងនៅតាមព្រំដែន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — ក្រសួងសុខាភិបាលម៉ាឡេស៊ីបានស្នើដល់រដ្ឋាភិបាលឱ្យបន្តរឹតបន្តឹងនៅតាមព្រំដែន ដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនករណីនាំចូលនៃជំងឺកូវីដ-១៩ ។

កាលពីថ្ងៃទី ២៦ ខែសីហា អគ្គនាយកនៃទីភ្នាក់ងារសុខាភិបាលនៃក្រសួងនេះ លោក Noor Hisham Abdullah បាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៥០នាក់ដែលត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី ២០ ខែសីហាមក មានចំនួន ២៤នាក់ជាករណីនាំចូល។

លោកបាននិយាយថា ចំនួនករណីបែបនេះកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះរដ្ឋាភិបាលមិនគួរមានការបន្ធូរបន្ថយនៅតាមព្រំដែនទេ ដោយត្រូវធ្វើការរឹតបន្តឹងវា។

លោកបាននិយាយបន្ថែមថា ក្រសួងសុខាភិបាលកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះស្ថានភាពនៅតាមបណ្តាប្រទេស និងដែនដីមួយចំនួន ដូចជាសាធារណរដ្ឋកូរ៉េ ហុងកុង ជប៉ុន អូស្រ្តាលី និងនូវែលហ្សេឡង់។

នៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា អ្នកដំណើរដែលបានមកទស្សនា ឬធ្វើដំណើរឆ្លងកាត់សាធារណរដ្ឋកូរ៉េក្នុងរយៈពេល ១៤ ថ្ងៃមុន នឹងតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកនៅឯកន្លែងដែលបានកំណត់ជំនួសឱ្យកន្លែងស្នាក់នៅរបស់ពួកគេ។

វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី២៩ ខែសីហា ហើយនឹងអនុវត្តចំពោះអ្នកដំណើរទាំងអស់ដែលចូលទៅក្នុងប្រទេសសិង្ហបុរី។

អ្នកដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ក៏នឹងត្រូវការធ្វើតេស្តសម្រាប់រកជំងឺកូវីដ-១៩ ផងដែរ មុនពេលពួកគេត្រូវបានអនុញ្ញាតិឱ្យចេញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)