ប្រទេសវៀតណាមអំពាវនាវឱ្យបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឱ្យបង្កើនជំនួយមនុស្សធម៌របស់ខ្លួនដល់ប្រជាជន ប៉ាឡេស្ទីន ហើយបានស្នើឱ្យអ៊ីស្រាអែលដកចេញនូវការរារាំងរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសម្រួលដល់សកម្មភាពមនុស្សធម៌។

ថ្លែងទៅកាន់កិច្ចប្រជុំនិម្មិតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែសីហាដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាដែលទាក់ទងនឹងប៉ាឡេស្ទីនផងដែរនោះ លោក Quy បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ដែនដីផ្សេងៗទៀតដែលកាន់កាប់ដោយប៉ាឡេស្ទីន ជាពិសេសចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាតកូវីដ-១៩ ។

លោកបានបញ្ជាក់ថា ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាពសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាអាចសម្រេចបានតាមរយៈកិច្ចចរចា នឹងកិច្ចសន្ទនាគ្នាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធនានាដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

អ្នកការទូតរូបនេះក៏បានបង្ហាញអំពីសាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយប្រជាជនប៉ាឡេស្ទីន ខណៈដែលបានអះអាងនូវគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការគាំទ្រការតស៊ូរបស់ប្រជាជនប៉ាឡេ-ស្ទីន និងដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល – ប៉ាឡេស្ទីន។

យោងតាមលោក Nickolay Mladenov អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាបានឱ្យដឹងថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ និង     បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងនាមជាអ្នកសម្រុះសម្រួល ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់សកម្មភាពដែលបង្កើនភាពតានតឹងនៅក្នុងតំបន់ និងជំរុញឱ្យមានកិច្ចពិភាក្សា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)