ប្រទេសវៀតណាមចូលរួមសន្និសីទមេបញ្ជាការកងទ័ពឥណ្ឌូ – ប៉ាស៊ីហ្វិកលើកទី ២៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — នាយឧត្តមសេនីយ៍ Le Huy Vinh អគ្គមេបញ្ជាការរង នៃកងទ័ពប្រជាជនវៀតណាមបានចូលរួមសន្និសីទមេបញ្ជាការកងទ័ពឥណ្ឌូ – ប៉ាស៊ីហ្វិក (IPACC) លើកទី ២៣ ដែលត្រូវបានរៀបចំឡើងក្នុងទម្រង់ជាសន្និសីទនិម្មិត។

ជាមួយនឹងគំនិតផ្តួចផ្តើមដោយសហរដ្ឋអាមេរិក សន្និសីទប្រចាំឆ្នាំនេះមានគោលបំណងលើកកម្ពស់មិត្តភាព និងការយោគយល់គ្នារវាងកងទ័ពនៃបណ្តាប្រទេសនៅក្នុងតំបន់។

ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះត្រូវបានគេមើលឃើញថា មានការចូលរួមពីអ្នកតំណាងមកពី ២៩ប្រទេស ដោយផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃជំងឺរាតត្បាត និងការគំរាមកំហែងសុខភាពឆ្លងប្រទេសដែលគ្របដណ្តប់ទៅលើសន្តិសុខជាតិ។

សារៈសំខាន់ និងផលប៉ះពាល់នៃបច្ចេកវិទ្យាទូរស័ព្ទចល័ត 5G ទៅលើសន្តិសុខជាតិ និងតួនាទីនៃ ពហុភាគីនិយមក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ក៏ត្រូវបានដាក់នៅលើតុពិភាក្សានៅក្នុងសន្និសីទនេះផងដែរ។

វត្តមានរបស់លោក Vinh នៅក្នុងព្រឹត្តិការណ៍នេះ ជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយការបរទេស និងពហុភាគីនីយកម្មរបស់រដ្ឋ និងគណបក្សវៀតណាម និងជាការបង្ហាញអំពីតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហារួមក្នុងតំបន់ ក៏ដូចជាលើកកម្ពស់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។

នៅខាងក្រៅសន្និសីទ លោក Vinh បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតការពារជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម លោក វរសេនីយ៍ឯក Thomas Stevenson ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)