រដ្ឋបាលខេត្តកំពង់ចាម ធ្វើវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋ

វិទ្យុជាតិកម្ពុជា លោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០


MC. ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ខេត្ត ធ្វើឡើងដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយសុក្រឹតភាព ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត ក្នុងពេលធ្វើវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ (២០២១-២០២៣)របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់បានសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគខេត្តមានចំនួន ៤៨៧ គម្រោងសំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន៨០៤ គម្រោង និងសំណើគម្រោងវិនិយោគឃុំ -សង្កាត់មានចំនួន ៤,០៥៨ គម្រោង សរុបចំនួន ៥,៣៤៩គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១។
ឯកឧត្តមបន្ថែមទៀតថាការរៀបចំវេទិកាពិគ្រោះយោបល់ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត ពេលនេះក៏ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្រប សម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានាដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកប ដោយសុក្រឹតភាព៕