សហគមន៍កសិកម្មតស៊ូសែនជ័យខេត្តព្រះវិហារចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវផ្ការំដួលធម្មជាតិលក់ជូនរោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០


MC: សហគមន៍កសិកម្មតស៊ូសែនជ័យខេត្តព្រះវិហារបានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវផ្ការំដួលធម្មជាតិលក់ជូនរោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់ ដើម្បីកិនកែច្នៃជាអង្ករលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានឱ្យដឹងថា សហគមន៍កសិកម្មតស៊ូសែនជ័យមាន កសិករជាង១០០គ្រួសារបានចុះកិច្ចសន្យាផលិតស្រូវផ្ការំដួលធម្មជាតិលក់ជូនរោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់ កាលពីពេលថ្មីៗនេះ សម្រាប់កិនកែច្នៃលក់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាមដែលនេះជាការលើកទឹកចិត្តដល់ប្រជាកសិករដែលផលិតស្រូវ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថាតាមរយៈការធ្វើកិច្ចសន្យាកសិកម្មរវាងប្រជាសហគមន៍និងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់នេះ នឹងធ្វើឱ្យសហគមន៍ទទួលបានផលប្រយោជន៍ជាច្រើន ដោយ ផលិតស្រូវឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់រោងម៉ាស៊ីន ហើយរក្សាតម្លៃថែមទៀតផង ដែលធ្វើឱ្យកសិករមានផលចំណេញក្នុងការធ្វើកសិកម្មរបស់ខ្លួន។
លោកបានបន្តថា ខាងមន្ទីរក៏ជំរុញឱ្យតំណាងសហគមន៍ទាំងអស់ត្រូវ គោរពតាមកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងជាមួយតំណាងរោងម៉ាស៊ីន ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយម្ចាស់រោងម៉ាស៊ីន ត្រូវរក្សាគុណភាពស្រូវដោយមិនក្លែងបន្លំ ហើយជៀសវាងការលក់ស្រូវឱ្យអ្នកផ្សេងៗ ដើម្បីឱ្យរោងម៉ាស៊ីនអាចប្រមូលទិញស្រូវបានគ្រប់ចំនួនតាមកិច្ចសន្យាជាមួយប្រជាកសិករ។
(សំឡេង)»គ្រួសារកសិករដែលមានផ្ទៃដីដាំស្រូវប្រភេទផ្ការំដួលជាប្រភេទពូជស្រូវល្អធម្មជាតិពួកគាត់មិនប្រើសារធាតុគីមី កន្លងមកក្រុមហ៊ុនបានប្រមូលទិញមានការគាំទ្រពីអតិថិជនច្រើន អ៊ីចឹងឆ្នាំនេះ គាត់ចុះកិច្ចសន្យាជាមួយសហគមន៍ដើម្បីលក់ស្រូវឱ្យគាត់។ ហើយពេលប្រមូលផលទៅក្រុមហ៊ុនគាត់ខ្លាចសហគមន៍មិនលក់ឱ្យគាត់ឬខាងណាឱ្យថ្លៃជាងលក់ឱ្យគេទៅ ដល់ពេលយើងចុះកិច្ចសន្យាទៅ យើងធានាបានការផ្គត់ផ្គង់នូវកសិផលជាពិសេសទៅលើស្រូវដែលមានគុណភាពខ្ពស់ហ្នឹង»»។
លោក លី សុជាតិ តំណាងក្រុមហ៊ុនសារ៉ាវ៉ាន់ បានលើកឡើងថាការសម្រេចចិត្តចូលរួមវិនិយោគជាមួយកសិករនៅក្នុងខេត្តព្រះវិហារនេះ ដោយសារតែខេត្តនេះពោពេញទៅដោយសក្ដានុពលផ្នែកកសិកម្ម ពិសេសការផលិតស្រូវប្រភេទផ្ការំដួលធម្មជាតិមិនប្រើសារធាតុគីមី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។

លោកបានបន្តថា រោងម៉ាស៊ីនបានអនុវត្តនៅជំហានទី១ បានចុះកិច្ចសន្យាទទួលទិញ ស្រូវតែជាង ២០០តោនប៉ុណ្ណោះ ប៉ុន្តែដោយឡែកនៅឆ្នាំក្រោយៗទៀត លោកថាបរិមាណនៃការប្រមូលទិញ នឹងកើនឡើងជាបន្ដបន្ទាប់ទៀត។

សូមបញ្ជាក់ថា សហគមន៍អភិវឌ្ឍន៍កសិកម្មតស៊ូសែនជ័យ មានទីតំាងស្ថិតនៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាសហគមន៍កសិកម្មដែលបានជាប់ចំណាត់ថ្នាក់ជាសហគមន៍កសិកម្មឆ្នើមលេខ១ទូទាំងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០៕