មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបបានបង្កើតសេវាជួលកង់ដែលមានឈ្មោះថា “កង់ពណ៌បៃតង” ដើម្បីស្វែងរកថវិកាទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០


MC.មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាបបានបង្កើតសេវាជួលកង់ដែលមានឈ្មោះថា “កង់ពណ៌បៃតង” ដើម្បីស្វែងរកថវិកាមកទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យ ដែលជួយរួមចំណែកឱ្យមន្ទីរពេទ្យនេះនៅតែ មានលទ្ធភាពព្យាបាលជម្ងឺដល់កុមារកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាបត្រៀមកងពណ៌បៃតងជាច្រើនគ្រឿង ដើម្បីដាក់ឲ្យអ្នក ទេសចរជួលជិះចាប់ពីចុងខែសីហានេះទៅ ដើម្បីស្វែងរកប្រភពចំណូលជួយទ្រទ្រង់សកម្មភាពព្យាបាល ជំងឺកុមារនៅក្នុងមន្ទីរពេទ្យនេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា កញ្ញា ដន ចាន់ថូ ប្រធានមជ្ឈមណ្ឌលទស្សនកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ការបង្កើតកម្មវិធីនេះឡើង ដោយសារតែមន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យដែលផ្តល់សេវាពិនិត្យ ព្យាបាលនិងថែទាំជំងឺកុមារកម្ពុជា មិនគិតថវិកា។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ ធ្វើឲ្យមន្ទីរពេទ្យកុមារអង្គរ ត្រូវប្រឈមនិងបញ្ហាកង្វះថវិកាដើម្បីទ្រទ្រង់ដល់ដំណើរការព្យាបាលកុមារនៅក្នុងមន្ទីរពេទ្យនាឆ្នាំ២០២០នេះ។
កញ្ញាបន្តថា ការបង្កើតកម្មវិធីជិះកង់ ឬការជួលកង់ជិះកម្សាន្តនេះ មិនត្រឹមតែក្នុងគោលបំណង ស្វែងរកថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជាចំណែកមួយទ្រទ្រង់ដល់ដំណើរការព្យាបាលកុមាររហូតដល់ដំណាច់ឆ្នាំ២០២០និងឆ្នាំបន្តបន្ទាប់ទៀត ដើម្បីផ្សព្វផ្សាយនូវការថែទាំសុខភាពដល់សហគមន៍ដោយកីឡាជិះកង់ ការកម្សាន្តសប្បាយរីករាយ ជាលក្ខណៈក្រុម ការបង្កើនមិត្តភាព ការចេះជួយគ្នាទៅវិញទៅមក និងដើម្បីការពារបរិស្ថាន កាត់បន្ថយនូវផ្សែងពុលដែលចេញពីម៉ាស៊ីនរថយន្ត ម៉ូតូ ការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកជាដើម។
សំឡេង៖មន្ទីរពេទ្យកុមារអង្គរជាអង្គការដែលមិនរកប្រាក់កម្រៃ យើងផ្តល់សេវាកម្មដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជា មន្ទីរពេទ្យអាចដំណើរការទៅបានតាមរយៈការជួយឧបត្ថមពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដោយសារបញ្ហាកូវីដ យើងមានផលលំបាកក្នុងការរៃអង្គាសថវិកាមកបំពេញសេវាកម្មរបស់មន្ទីរពេទ្យ។ក្នុងឆ្នាំ២០២០នេះយើងនៅខ្វះថវិកាចំនួន១លាន៦សែនដុល្លារ ហើយក្រៅប្រទេសគាត់ជួយរក១លាន និងក្នុងប្រទេសត្រូវរក៦សែនដុល្លា យើងខ្វះខាតដោយសារតែយើងរៀបចំព្រឹត្តិការណ៍ជាច្រើន តែត្រូវបានអាក់ខាន ដោយសារគោរពតាមការណែនាំក្រសួងសុខាភិបាល ធ្វើឲ្យយើងខ្វះថវិកាមកបំពេញសេវាក្នុងឆ្នាំ២០២០។ យើងមានកម្មវិធីជិះកង់បៃតងហ្នឹង ដែលភ្ញៀវមកទស្សនាខេត្តសៀមរាប អាចចូលរួមជិះកង់កម្សាន្តជាកម្មវិធីថ្មី ទើបបង្កើតក្នុងខែសីហាហ្នឹង លក្ខណៈថាសេវាជួលកង់ដើម្បីជិះកម្សាន្ត ការជួលកង់ហ្នឹងកង់១តម្លៃ១០ដុល្លារ ទទួលបានកង់មួយជិះ១ថ្ងៃឬមួយព្រឹកឬល្ងាច ហើយនឹងទទួលបានអាវយឺតមួយ។
កញ្ញាបន្តថា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រុមស័្មគ្រចិត្តមួយក្រុម ឈ្មោះថា តោះទៅលេង សៀមរាបបានសហការជាមួយមន្ទីរពេទ្យកុមារអង្គរដោយជួលសេវាកង់ពណ៌បៃតងនេះដើម្បីជិះកម្សាន្តជាលក្ខណៈក្រុម និងបើកអោយសារធាណជន ចុះឈ្មោះចូលរួមជិះ កង់កម្សាន្តជាមួយក្រុមរបស់ពួកគាត់ផងដែរ។ អ្នកចូលរួមត្រូវចំណាយថវិកាចំនួន១២ដុល្លារ ដែល១០ដុល្លារជាការជាវសំបុត្រកង់បៃតងរបស់មន្ទីរពេទ្យ និង ២ដុល្លារសម្រាប់ការរៀបចំអាហារសម្រន់ ក្នុងនោះលោកអ្នកនឹងទទួលបានកង់១សម្រាប់ជិះកម្សាន្ត និងអាវយឺតរបស់មន្ទីរពេទ្យចំនួន១ – ការបញ្ចុះតម្លៃ១៥ភាគរយសម្រាប់ ការជាវវត្ថុអនុស្សាវរីយ៍របស់មន្ទីពេទ្យមានសុពលភាព១ខែនិងអាហារសម្រន់៕