រាជរដ្ឋាភិបាលផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើបដល់កាកបាទក្រហមកម្ពុជា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៨ ២០២០


MC: រាជរដ្ឋាភិបាល ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើប រួមជាមួយរថយន្តចល័ត និងម៉ាស៊ីនភ្លើងមួយឈុតដល់កាកបាទក្រហមកម្ពុជា ដើម្បីផលិតទឹកស្អាតសម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋនៅតាមតំបន់ជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់។
ថ្លែងក្នុងពិធីប្រគល់ និងទទួលដែលធ្វើឡើងនៅទីស្តីការកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ប្រើបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែល ដែលមានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រ ក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ អាចសម្លាប់មេរោគដោយកាំរស្មីUV និងមានអាយុកាលប្រើប្រាស់រហូតដល់១៥ឆ្នាំ។
លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានចាត់ទុកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នាពេលនេះ អាចប្រើប្រាស់ឆ្លើយតបតាមតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះមហន្តរាយដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ ជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានទិញម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយប្រើបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែលចំនួន៥គ្រឿង ដោយក្នុង១គ្រឿងៗ តម្លៃជាង៦ម៉ឺនដុល្លារអាមេរិក សម្រាប់ផ្តល់ជូនមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកាកបាទក្រហមកម្ពុជា៕