កម្ពុជាមានប្រភេទកីឡាសក្តានុពលខ្លាំងៗដែលអាចយកបានមេដាយនៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ (CAM SOC) បានបញ្ជាក់ដោយភាពជឿជាក់ថា កម្ពុជាមានប្រភេទកីឡាសក្តានុពលជាច្រើនមានប្រភេទកីឡាខ្លាំងៗអាចយកបានមេដាយច្រើននៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតនោះ។

ឯកឧត្តម  អគ្គលេខាធិការCAMSOC បានបញ្ជាក់ថា យើងមានកីឡាសក្តានុពល ហើយដែលធ្លាប់មានប្រៀបលើគេរួចមកហើយដែរ ដែលប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងការប្រកួតស៊ីហ្គេម ជាបន្តបន្ទាប់មកនោះ ដូចជាប្រភេទកីឡាប៉េតង់ ចំបាប់ ម៉ូតូទឹក តេក្វាន់ដូWT តេក្វាន់ដូ WTF ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ ក៏ដូចជាកីឡាវ៉ូវីណាម ដែលយើងកំពុងជំរុញបន្ថែមឱ្យប្រភេទកីឡាទាំងនេះ រួមទាំងប្រភេទកីឡាប្រយុទ្ធមួយ ចំនួនទៀត ដើម្បីបន្តស្វែងរកឧត្តមភាពបន្ថែមទៀត ដោយអ្នកធ្លាប់ឈ្នះមេដាយ មាស ត្រូវបន្តយកឈ្នះមេដាយមាសទៀត រីឯអ្នកឈ្នះត្រឹមមេដាយប្រាក់ត្រូវជំរុញឱ្យដល់មេដាយមាស និងអ្នកធ្លាប់បានមេដាយសំរឹទ្ធត្រូវជំរុញឱ្យដល់មេដាយ ប្រាក់ជាដើម។

ឯកឧត្តមបន្តថា កម្ពុជាកំពុងជំរុញផែនការអភិវឌ្ឍបច្ចេកទេសរបស់ខ្លួនរួចអស់ហើយ ដែលគ្រោងនឹងបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសមួយក្រុមធំ ហើយ១ក្រុមទៀតហ្វឹកហាត់ក្នុងស្រុក ដែលជួលគ្រូបរទេសឱ្យមកជួយបង្វឹក ដែលទាំងអស់នេះ គឺជាការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុងការរុញកម្រិតបច្ចេកទេសឈានទៅដល់គោលដៅសក្តានុពលរបស់យើង។

ចំណុចសំខាន់មួយទៀតឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញនូវផែនការយុទ្ធសាស្ត្ររបស់ CAMSOC ដោយកន្លងមក កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសនៃបណ្តាប្រទេសអា ស៊ានទាំងអស់ ជាពិសេសគឺស៊ីហ្គេមពីរលើកចុងក្រោយ គឺនៅម៉ាឡេស៊ី ឆ្នាំ២០១ ៧ និងស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩ គឺកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៨ដូចៗគ្នា ប៉ុន្តែឆន្ទៈដ៏មុះមុតរបស់ថ្នាក់ដឹកនាំគឺធ្វើយ៉ាងណា រុញចំណាត់ថ្នាក់ពីលេខ៨នេះឱ្យមកត្រឹមចំណាត់ថ្នាក់លេខ៥ឬលេខ ៦ ក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងជាប្រវត្តិសាស្ត្រនោះ ដើម្បីលុបដានប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់នៅលេខ៩ ឬលេខ៨ ប្រយោជន៍ឱ្យការទទួលធ្វើជាម្ចាស់ផ្ទះនេះមានរបត់ប្រវត្តិសាស្រ្តថ្មីមួយ មានភាពរឹងមាំនៃវិស័យកីឡាកម្ពុជា សម្រាប់ជូនជាតិនិងប្រជាជនរបស់យើង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍រៀងរាល់២ឆ្នាំម្ដងនេះ គឺស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គ្រោងនឹងធ្វើឡើងក្រោយពីបញ្ចប់ ស៊ីហ្គេមប្រមាណ ២សប្តាហ៍ ដោយកំណត់យកកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ ៕