សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននឹងរួចរាល់នៅឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី


ភ្នំពេញ៖ ក្រសួងព័ត៌មានប្ដេជ្ញារៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឱ្យរួចរាល់នៅឆ្នាំ ២០២០នេះ ដើម្បីធានាឱ្យសាធារណជនគ្រប់រូបទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណា​ចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បី ពិនិត្យកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិ​ទទួលព័ត៌​មាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណ:កម្មការ រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំនេះ ជាដំណាក់កាលចុងក្រោយ ដើម្បីធ្វើការពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានពាក់ព័ន្ធនិងទោសបញ្ញត្តិ ហើយបញ្ជូន​ត្រឡប់ទៅ​ក្រសួង យុត្តិធម៌ ដើម្បីធ្វើការពិនិត្យសម្រេចជាចុងក្រោយ។
ក្នុងឱកាសនោះដែរ តំណាងក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី បានចូលរួមមតិយោបល់ ក្នុងការកែសម្រួល​ពាក្យ​ពេចន៍ និងបន្ថែមនូវចំណុចទម្រង់ច្បាប់សំខាន់ៗ មួយចំនួនឱ្យកាន់តែមានស៊ីជម្រៅ នៅក្នុងសេចក្តីព្រាងច្បាប់នេះ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាប្រធាន អនុគណកម្មការរៀបចំតាក់តែងសេចក្តី​ព្រាងច្បាប់ស្តី​ពីសិទ្ធិទទួលព័ត៌មាននៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដំណើរការកិច្ចពិភាក្សា​នៃកិច្ចប្រជុំចុងក្រោយ​សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននេះ គឺដើម្បីពិនិត្យទៅលើការកែសម្រួល នៃទម្រង់ដោយផ្ដើម​សំខាន់ទៅលើជំពូកមួយដែលនិយាយពីបទប្បញ្ញត្តិទូទៅនៅក្នុងការកែសម្រួលខ្លឹមសារនៃមាត្រា១ និងមាត្រា២ ដើម្បីឱ្យវាស្របទៅនឹងគោលការណ៍ណែនាំថ្មីរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

សំឡេង៖«បន្ទាប់ពីកិច្ចប្រជុំនេះទៅគឺក្រសួងនឹងរៀបចំនូវឯកសារនៃសេចក្ដីព្រាងច្បាប់នេះតាមរយៈលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ហើយនឹងដាក់ជូននៅក្នុងកិច្ចពិភាក្សាបន្តទៀតជាមួយនឹងក្រសួងពាក់ព័ន្ធ ជាពិសេសជាមួយនឹងក្រសួង​យុត្តិធម៌ ដើម្បីសម្រេចចុងក្រោយទៅលើការពិនិត្យនូវទោសបញ្ញាត្តិនៃសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន បន្ទាប់ពីយើងឯកភាពគ្នានិងមានការផ្ដល់នូវការសម្រេចជាផ្លូវការរបស់ក្រសួងយុត្តិធម៌ហើយក្រសួងព័ត៌មាននឹងរៀបចំនូវសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានរួមទាំងឯកសារពាក់ព័ន្ធភ្ជាប់ជាមួយសេចក្ដីព្រាងច្បាប់នេះដាក់ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងពេលដ៏ខ្លីខាងមុខនេះតាមដែលអាចធ្វើទៅបាន។

ជាការប្ដេជ្ញាចិត្តរបស់ក្រសួងព័ត៌មានក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺយើងចង់ឃើញសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តនៅក្នុងឆ្នាំ ២០២០ នេះ»។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា ការបង្កើតច្បាប់នេះ គឺ ទី១ ជាការលើកកម្ពស់នូវសិទ្ធិសេរីភាពនៅក្នុង​ការទទួលបានព័ត៌​មានរបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ​ដែលចូលរួមចំណែកនៅ​ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង និងទី២ ដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​​កាលទី៤ ក៏ដូចជាកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាលឱ្យបាន​ជោគជ័យក្នុងការ​លើកកម្ពស់​នៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន១០ ជំពូក ចែកចេញជា ៣៥ មាត្រា ដោយ កំណត់អំពីសិទ្ធិ និងកាតព្វ​កិច្ច នៃការទទួល និងផ្តល់ព័ត៌មាន ព័ត៌មានសម្ងាត់ និងកិច្ចការពារអ្នកផ្តល់ព័ត៌មាន ក្នុងគោលបំណង ធានាឱ្យ​សាធារណជនគ្រប់រូប នូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕