មន្ទីរកសិកម្មខេត្តស្វាយរៀងកំពុងជួយកសិករឱ្យមានជំនាញចិញ្ចឹមឃ្មុំដើម្បីលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០


MC: មន្ទីរកសិកម្មខេត្តស្វាយរៀងបាននឹងកំពុងជួយកសិករឲ្យមានជំនាញចិញ្ចឹមឃ្មុំហើយចងក្រជាបណ្ដុំអាជីវកម្ម ដើម្បីជួយដល់ការផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក ។
អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍…………………………
លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តស្វាយរៀង បាន ឱ្យដឹងថា មន្ទីរបានរៀបចំចងក្រងប្រជាកសិករប្រមាណជាង១៤០គ្រួសារ ឱ្យមានជា ៤បណ្ដុំអាជីវកម្ម ចិញ្ចឹមឃ្មុំនេះ ដើម្បីយកទឹកឃ្មុំទៅលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ។
លោកបន្តថា ការចងក្រងកសិករជាបណ្ដុំអាជីវកម្មនេះ គឺធ្វើទៅតាមតំបន់ ដែលមានសក្តានុពលសម្រាប់ចិញ្ចឹមសត្វឃ្មុំ ដូចជា នៅឃុំអំពឹល ស្រុករមាសហែក ឃុំឈើទាលស្រុកស្វាយជ្រំ និងឃុំមនោរម្យស្រុកស្វាយទាប ដោយសារតំបន់ទាំងនោះ មិនសូវប្រើប្រាស់សារធាតុពុល និងសម្បូរទៅដោយផ្កាជាច្រើនប្រភេទ ធ្វើឱ្យសត្វឃ្មុំរស់នៅច្រើន អាចក្រេបលម្អងផ្កាបានគ្រប់គ្រាន់។
សំឡេង« កសិករកំពុងតែល្អហ្នឹង គឺនៅឃុំអំពឹលស្រុករមាសហែក ដោយសារតំបន់នោះ គេមិនសូវប្រើប្រាស់ជាតិពុល ដូចជាការបាញ់ស្មៅជាដើម ហើយវាមានព្រៃ និងផ្កាជាច្រើន ធ្វើឱ្យការចិញ្ចឹមឃ្មុំមានការរីកចម្រើន អ៊ីចឹងកសិករគាត់កំពុងតែចិញ្ចឹមឃ្មុំ ដោយយក ទឹកឃ្មុំលក់ ក្នុងមួយលីត្រតម្លៃ៨ម៉ឺនរៀល»។
លោកបន្ថែមថា ការចងក្រងកសិករជាបណ្ដុំអាជីវកម្មចិញ្ចឹមឃ្មុំនេះ ពិតជាបានធ្វើឱ្យពួកគាត់ ទទួលបានទាំងបទពិសោធន៏ ក្នុងការចិញ្ចឹមបានត្រឹមត្រូវ និងទទួលបានប្រាក់ចំណូល ពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងការកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មុខរបរចិញ្ចឹមឃ្មុំរបស់ប្រជាកសិករនៅខេត្តស្វាយរៀង កំពុងតែទទួលបានជោគជ័យ ដោយសារទឹកឃ្មុំដែលពួកគាត់ផលិតបាននេះ មានគុណភាពសុទ្ធល្អ ក្នុងមួយលីត្រតម្លៃ៨ម៉ឺនរៀល ហើយមន្ទីរគ្រោងនឹងទៅបង្កើតអាជីវកម្មចិញ្ចឹមឃ្មុំជូនដល់ប្រជាកិសករ មួយកន្លែងទៀត នៅឃុំគគីរផងដែរ ៕