អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តការរុះរើតូបរបស់ខ្លួន ដើម្បីត្រៀមទៅលក់ដូរនៅកន្លែងថ្មី

AKP សៀមរាប ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា អាជីវករលក់ដូរសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនៅជុំវិញ ត្រពាំង សេស បាននាំគ្នារុះរើតូបលក់ដូររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមទៅកាន់កន្លែងថ្មី ដែល អាជ្ញាធរជាតិអប្សរាផ្តល់ឱ្យ ហើយការងារនេះនឹងធ្វើឱ្យបានអស់ឆាប់ៗ។

អ្នកស្រី ស៊ាង ស៊ត់ អាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បាន លើកឡើងថា កន្លែងនេះ ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយភ្ញៀវជាតិ-អន្តរជាតិដែលមក ពិសាអាហារនៅទីនេះ។ ទីនេះក៏បានផ្តល់នូវភាពធូរធារដល់ជីវភាពគ្រួសារខ្ញុំ ចិញ្ចឹមកូនៗបាន រៀនសូត្រខ្ពង់ខ្ពស់។ ថ្ងៃនេះខ្ញុំរីករាយក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ព្រោះ អាជ្ញាធរជាតិអប្សរាបានផ្តល់ទីតាំងថ្មីសម្រាប់ខ្ញុំលក់ដូរបន្ត ដែលថ្មី ស្អាត ហើយមាន អនាម័យជាងកន្លែងចាស់។

អ្នកស្រី ស៊ត់ ក៏បានគាំទ្រចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំ បរិវេណជុំវិញត្រពាំងសេសឱ្យស្អាតដើម្បីអង្គរមានសណ្តាប់ធ្នាប់ មានភាពបៃតង ឱ្យភ្ញៀវ ទេសចរមកលេងកាន់តែច្រើន លក់ដូរក៏កាន់តែដាច់។

ចំពោះអ្នកស្រី មាស សាគុណ ម្ចាស់តូបចំនួន៤ខ្នង លក់វត្ថុអនុស្សាវរីយ៍បោះដុំ និងរាយនៅខាងកើតត្រពាំងសេស បានចាប់ប្រកបរបរនេះតាំងពីឆ្នាំ៩០ជាងនោះ ក៏ពុំបានជំទាស់នឹងវិធានការអភិវឌ្ឍបរិវេណមុខប្រាសាទអង្គរវត្តឡើយ ព្រោះអ្នកស្រីដឹងថា ទីនេះជាដីកម្មសិទ្ធិរបស់រដ្ឋ រដ្ឋយកវិញពេលណាក៏នឹងព្រមប្រគល់ជូន ដោយស្ម័គ្រចិត្តដូចជា ការរុះរើនៅថ្ងៃនេះស្រាប់។ ដំបូងឡើយ អ្នកស្រីក៏មានការបារម្ភណាស់ដែរ តែលុះបានទទួល ព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឃើញកន្លែងលក់ដូរថ្មីក៏មានចិត្តសប្បាយរីករាយទទួលយក ព្រោះគ្រប់គ្នាត្រូវតែរុះរើចេញពីទីតាំងត្រពាំងសេសនេះដូចគ្នាទាំងអស់។

ក្នុងស្មារតីស្រឡាញ់អង្គរ ហើយក៏ជាអ្នកទទួលបានផលយ៉ាងច្រើនពីអង្គរ លោក យ៉ាង សុភាព ជាអ្នកលក់ម្ហូបអាហារបានប្រាប់ពីអារម្មណ៍ថា ចំពោះវិធានការរបស់រដ្ឋ ខ្ញុំក៏តែងតែគាំទ្រ ពិសេសការរុះរើនេះ គឺរដ្ឋបានផ្តល់សំណងឱ្យ ហើយរដ្ឋអនុវត្តន៍ ការងារនេះស្មើភាពគ្នា ដូច្នេះខ្ញុំគ្មានអ្វីដែលជំទាស់ទេ។ យូរហើយដែលយើងខ្ញុំបាន អាស្រ័យផលនឹងអង្គរ ហើយក៏ដល់ពេលដែលត្រូវតបស្នងដល់អង្គរវិញ។ ខ្ញុំគាំទ្រអាជ្ញាធរជាតិ អប្សរាចំពោះការរៀបចំទីតាំងថ្មីសម្រាប់លក់ដូរ ហើយកែប្រែទីនេះឱ្យមានសោភណភាព ស្អាតដើម្បីទាក់ទាញភ្ញៀវ។

លោក សុភាព ក៏សង្ឃឹមថា ការទៅលក់នៅទីតាំងថ្មីនឹងទទួលបានអតិថិជនច្រើនៗ ព្រោះទីនោះស្អាត មានអនាម័យ មានទឹកភ្លើង ងាយស្រួលជាងកន្លែងចាស់៕

ដោយ ឃុត សៅ