ធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រប្រទេសហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចីដែលមានចំនួន ១២៥លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ប្រទេសហ្វីលីពីនដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

កាលពីថ្ងៃទី ២៥ ខែសីហា ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះបាននិយាយថា គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីដោះស្រាយ និងកម្រិត (HEAL) ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងជួយឱ្យមន្ទីរសុខាភិបាល (DoH) ធ្វើឱ្យប្រសើរឡើងនូវសេវាកម្មសុខភាពនៅទូទាំងប្រទេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍វេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលពាក់ព័ន្ធនានា។

លោក Ahmed Saeed អនុប្រធានធនាគារ ADB បាននិយាយថា គម្រោងនេះនឹងជួយកែលម្អការត្រៀម និងភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសហ្វីលីពីននៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងការដោះស្រាយការគំរាមកំហែងសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះ និងពេលអនាគត។

អ្នកជំនាញនៃគោលការណ៍ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Sakiko Tanaka បាននិយាយថា គម្រោងនេះនឹងជួយរដ្ឋាភិបាលហ្វីលីពីនក្នុងការពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការធ្វើតេស្តជំងឺកូវីដ- ១៩ ការឃ្លាំមើល និងការបង្ការការឆ្លង និងការគ្រប់គ្រង ព្រមទាំងការផ្តល់ឧបករណ៍ថែទាំចាំបាច់ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធផលនៃការព្យាបាល។

យោងតាមធនាគារ ADB បានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងព្យាយាមបង្កើនសមត្ថភាពធ្វើតេស្តជំងឺកូវីដ-១៩ ទ្វេដង ដោយឱ្យបានចំនួន ៧៥.០០០នាក់នៅចុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួនប្រមាណជិត ៣១.០០០ នាក់គិតត្រឹមថ្ងៃទី ១៥ ខែសីហា។ បច្ចុប្បន្ននេះ ប្រទេសហ្វីលីពីនមានករណីអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៩៤.២៥២នាក់ ដែលត្រូវបានបញ្ជាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៣.០១០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)