ប្រជាជនឡាវជាង ៥.៤០០នាក់កើតជំងឺគ្រុនឈាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ២៥ ខែសីហា ក្រសួងសុខាភិបាលនៃប្រទេសឡាវបាននិយាយថា ករណីជំងឺគ្រុនឈាមសរុបមានចំនួន ៥.៤២៧នាក់ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសឡាវរហូតមកដល់ពេលនេះ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៩នាក់។

សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងនេះបានឱ្យដឹងថា រដ្ឋធានីវៀងចន្ទន៍មានករណីជំងឺគ្រុនឈាមនេះច្រើនជាងគេ គឺមានចំនួន ១.២៦៩នាក់ បន្ទាប់មក គឺនៅខេត្តបូលីខាំសាយ ដែលមានអ្នកកើតជំងឺនេះចំនួន ៦៣៩នាក់។

រដ្ឋធានីនេះក៏មានអ្នកស្លាប់ច្រើនជាងគេផងដែរដោយសារជំងឺគ្រុនឈាម គឺមានចំនួន ៤នាក់ ខណៈដែលខេត្តបូលីខាំសាយមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ២នាក់ ខេត្តខាំមូនមានអ្នកស្លាប់ម្នាក់ ខេត្តសាយ៉ាបូរីមានអ្នកស្លាប់ម្នាក់ និងខេត្តសៀងឃូងមានអ្នកស្លាប់ម្នាក់។

ជំងឺគ្រុនឈាមច្រើនតែកើតឡើងនៅតាមតំបន់ភាគច្រើននៃប្រទេសឡាវក្នុងរដូវវស្សា។ ក្រសួងសុខាភិបាលបានអនុវត្តវិធានការបង្ការនានា ខណៈដែលកំពុងធ្វើការដើម្បីពង្រឹងគុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅតាមគ្រឹះស្ថានវេជ្ជសាស្រ្តនៅទូទាំងប្រទេស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)