បណ្តារដ្ឋមន្រ្តីអាស៊ានពិនិត្យឡើងវិញនូវការអនុវត្តគំនិតផ្តួចផ្តើមសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ២៥ ខែសីហា បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ានបានពិនិត្យមើលការអនុវត្តគំនិតផ្តួចផ្តើមសេដ្ឋកិច្ចឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំនិម្មិតមួយ។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ (AEM-៥២) ត្រូវបានដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។

គណៈប្រតិភូនានាក៏បានពិនិត្យលើស្ថានភាពជំងឺកូវីដ-១៩ និងការឆ្លើយតបរបស់តំបន់ រួមទាំងសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំផែនការស្តារឡើងវិញដ៏ទូលំទូលាយ និងការផ្លាស់ប្តូរយោបល់គ្នាស្តីពីអនុសាសន៍ដែលដាក់ចេញដោយក្រុមពិសេសទទួលបន្ទុកសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

ការរៀបចំសម្រាប់កិច្ចសន្ទនាជាមួយដៃគូ និងក្រុមហ៊ុនអាជីវកម្មក្នុងតំបន់ ក៏មាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះដែរ។

បណ្តារដ្ឋមន្រ្តីនានាបានអនុម័តទៅលើឯកសារ ដែលបានដាក់ជូនដោយមន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ច អាស៊ាន រួមទាំងសន្ទស្សន៍សមាហរណកម្មឌីជីថលអាស៊ាន និងលក្ខខណ្ឌយោងស្តីពីការតភ្ជាប់មជ្ឈមណ្ឌលច្នៃប្រឌិតអាស៊ានដែលស្ថិតក្នុងចំណោមគំនិតផ្តួចផ្តើមអាទិភាពចំនួន ១៣ ដែលត្រូវបានលើកឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ។

គំនិតផ្តួចផ្តើមដែលនៅសេសសល់ដែលវាត្រូវបានស្នើឡើង កំពុងស្ថិតក្រោមការពិគ្រោះយោបល់ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំតាមការគ្រោងទុក។

បញ្ហាផ្សេងទៀតដែលត្រូវបានពិភាក្សារួមមាន កិច្ចចរចានាពេលខាងមុខស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលនឹងត្រូវចុះហត្ថលេខានៅចុងឆ្នាំនេះ និងការអនុវត្តសសរស្តម្ភឆ្នាំ ២០២៥ របស់គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ាន។

ទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្លុកនេះជាមួយដៃគូ ដូចជាចិន រុស្ស៊ី ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ហុងកុង (ចិន) អូស្ត្រាលី នូវែលហ្សេឡង់ និងសហភាពអឺរ៉ុប ក៏ត្រូវបានពិភាក្សាផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)