វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ខ្លាំងក្លាថែមទៀតប្រឆាំងនឹងអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសវៀតណាមសូមថ្កោលទោសចំពោះអំពើភេរវកម្មតាមគ្រប់រូបភាពទាំងអស់ និងសូមអំពាវនាវឱ្យប្រទេសទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានស្តីពីការគ្រប់គ្រងព្រំដែន និងគ្រប់គ្រងរាល់ហានិភ័យនៃការវាយប្រហារភេវរកម្ម និងការចូលរួមផ្នែកហិរញ្ញប្បទាន។

ថ្លែងទៅកាន់អង្គប្រជុំតាមប្រព័ន្ធអ៊ិនធើណេតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែសីហា ដើម្បីពិភាក្សាទៅលើរបាយការណ៍ទី ១១ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការគំរាមកំហែងដោយរដ្ឋអ៊ីស្លាម (IS) ដែលអះអាងខ្លួនឯង ចំពោះបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ ឯកអគ្គរដ្ឋទូតរូបនេះបានប្តេជ្ញាចិត្តចំពោះគោលនយោបាយប្រឆាំងនឹងអំពើភេរវកម្មរបស់វៀតណាម ស្តីពីមូលដ្ឋាននៃការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃការដោះស្រាយឱ្យបានគ្រប់ជ្រុងជ្រោយនូវ ហានិភ័យនៃអំពើភេរវកម្ម និងការលុបបំបាត់លក្ខខណ្ឌអនុគ្រោះសម្រាប់ភេរវករ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោះស្រាយជម្លោះ និងការកសាងសង្គមស្មើភាពគ្នាដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងភេរវកម្ម។

យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Vladimir Voronkov បានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែកន្លងមកនេះ ការគំរាមកំហែងនូវអំពើភេរវកម្ម IS មានការថយចុះជាបណ្តោះអាសន្ននៅក្នុងតំបន់មិនមានជម្លោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតំបន់មានជម្លោះមួយចំនួន ដូចជាអ៊ីរ៉ាក់ និងស៊ីរី ក្រុម IS នៅតែមាននិន្នាការប្រមូលផ្តុំ និងបង្កើនសកម្មភាពដដែល។

លោក Voronkov បាននិយាយថា ផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ ទៅលើសកម្មភាពជ្រើសរើសបុគ្គលិក និងការរៃអង្គាសថវិកានៅតែមិនទាន់ច្បាស់លាស់នៅឡើយ ដោយសារតែការធ្លាក់ចុះផ្នែកសង្គមសេដ្ឋកិច្ច ដែលអាចធ្វើឱ្យលក្ខខណ្ឌកាន់តែមានភាពអាក្រក់ទៅ ដែលធ្វើឱ្យកាន់តែមានការគំរាមកំហែងរយៈពេលមធ្យម និងយូរអង្វែងនៃអំពើភេរវកម្មទាំងនៅក្នុង និងនៅក្រៅតំបន់ជម្លោះនានា។

លោកបាននិយាយថា អាទិភាពរបស់ការិយាល័យប្រឆាំងអំពើភេរវកម្ម (UNOCT) រួមមានការគាំទ្រដល់ប្រទេសជាសមាជិកដើម្បីការពារការធ្វើមាតុភូមិនិវត្តន៍ ការចោទប្រកាន់ ការអប់រំ និងស្តារនីតិសម្បទាភេរវករពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក៏ដូចជាគាំទ្រដល់ជនរងគ្រោះក្នងុការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋជនអ៊ិនធើណេត ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងនៅតាមបណ្តោយ ព្រំដែនផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)