លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ ស្វាគមន៍ការសន្យារបស់ប្រទេសចិនក្នុងការចែករំលែកទិន្នន័យមេគង្គ ប៉ុន្តែស្នើឱ្យប្រើវេទិកាដែលមានស្រាប់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៨ ២០២០


MC: លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ (MRC) បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម លី ឃឺឈៀង(Li Keqiang) ដែលសន្យាថា នឹងចែករំលែករាល់ការប្រមូលផ្តុំទិន្នន័យជលសាស្ត្រជាមួយបណ្តាប្រទេសមេគង្គជារៀងរាល់ឆ្នាំ។
លោកបណ្ឌិត អាន ពេជ្រ ហាដា(An Pich Hatda) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី២៥ ខែសីហានេះ បានលើកឡើងថា «យើងស្វាគមន៍ចំពោះការសន្យារបស់លោកនាយករដ្ឋមន្រ្តីលីក្នុងការចែករំលែកទិន្នន័យជលសាស្ត្រពេញមួយឆ្នាំជាមួយប្រទេសនៅតំបន់មេគង្គក្រោម ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់បណ្តាប្រទេសមេគង្គទាំងអស់ និងប្រជាជននៅក្នុងតំបន់នេះ»។
ជំហរគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៤ ខែសីហា មានប្រសាសន៍ថា ចាប់ផ្តើមពីឆ្នាំនេះទៅប្រទេសចិននឹងចែកចាយទិន្នន័យជលសាស្ត្ររបស់ទន្លេឡានឆាងពេញមួយឆ្នាំ ជាមួយបណ្តាប្រទេសមេគង្គ។
ឯកឧត្តម លី ឃឺឈៀង បានអះអាងថា ទន្លេឡានឆាងមានដើមកំណើតពីចិន ដូច្នេះភាគីចិននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ឱ្យដំណើរការនូវវេទិកាមួយដែលនឹងបើកចំហពេញទំហឹងសម្រាប់ប្រទេសមេគង្គទាំង៦។
ទន្លេមេគង្គ មានប្រវែងជាង៤.៨០០គីឡូម៉ែត្រហូរធ្លាក់ពីភ្នំទីបេ កាត់ប្រទេសចិនចំនួន១៦ភាគរយប្រទេសមីយ៉ាន់ម៉ាចំនួន២ភាគរយ ប្រទេសឡាវចំនួន៣៥ភាគរយ ប្រទេសថៃចំនួន១៨ភាគរយប្រទេសកម្ពុជាចំនួន១៨ភាគរយ(ប្រវែង៥០០គីឡូម៉ែត្រ ចាប់ពីល្បាក់ខោនព្រំប្រទល់នៃប្រទេសកម្ពុជា-ឡាវរហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម) និងប្រទេសវៀតណាមចំនួន១១ភាគរយ។អាងទន្លេមេគង្គក្រោម ដែលមានឡាវ ថៃ កម្ពុជា និងវៀតណាម ត្រូវបានចាត់ទុកជាប្រភពទឹកដ៏សំខាន់របស់អាងទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គ លើកឡើងថា ចាប់តាំងពីឆ្នាំ២០០៣មក ប្រទេសចិនបានផ្តល់ទិន្នន័យកម្រិតទឹកនិងទឹកភ្លៀងពីស្ថានីយជលសាស្ត្រសំខាន់ចំនួនពីរ ដែលមានទីតាំងស្ថិតនៅ លើនៅទន្លេជីងហុង និងនៅលើដៃទន្លេនៅម៉ាណាន។ ប៉ុន្តែទិន្នន័យនេះ ត្រូវបានចែកចាយតែក្នុងរដូវទឹកជំនន់ចាប់ពីខែមិថុនាដល់ខែតុលាប៉ុណ្ណោះ៕