ប្រមុខការពារជាតិកម្ពុជាចាត់ទុកបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិរបស់កងទ័ពកម្ពុជា ជាការលះបង់ដែលមិនអាចកាត់ថ្លៃបាន

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៦ ០៨ ២០២០


MC៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានលើកឡើងថា ការលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិរបស់កងទ័ពកម្ពុជា ជាការលះបង់ដែលមិនអាចកាត់ថ្លៃបាន ក្នុងការស្វែងរកសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាម។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានសរសេរនៅថ្ងៃទី២៦ ខែសីហានេះថា ក្មួយៗកងទ័ពរបស់យើង បានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្តេចពិជ័យសេនាបញ្ជាក់ថា នេះគឺជាការលះបង់ដែលមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មស្វែងរកសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាម កសាងកិត្យានុភាពសម្រាប់កម្ពុជា និងពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្ត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មកដល់ពេលនេះ កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៦ពាន់នាក់ហើយ ទៅបំពេញបេសកកម្មក្នុងប្រទេសទាំង៨ក្រោមឆត្រអង្គការសហប្រជាជាតិដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ៕