មន្ត្រីសហគមន៍ព្រៃឈើភ្នំតាគង់បង្កើនការ ការពារធនធានព្រៃឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង ២៦ /០៨/ ២០២០


MC៖ មន្ត្រីសហគមន៍ព្រៃឈើ(ភ្នំតាគង់) នាំគ្នាការពារ ធនធានធម្មជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះសម្បត្តិធនធានទាំងនេះអាចទាញយកអនុផលព្រៃឈើមកប្រើប្រាស់ ដោះស្រាយជីវភាពរស់នៅតាមគ្រួសារនីមួយៗបានទៅតាមតម្រូវការ ។
ក្នុងសកម្មភាពចុះល្បាតព្រៃសហគមន៍(ភ្នំតាគង់)នៅក្នុងភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ លោកខាវ វុន មន្ត្រីសហគមន៍បានបញ្ជាក់ថា ប្រជាសហគមន៍ បាននាំគ្នាអនុវត្តនូវលក្ខន្តិករបស់សហគមន៍បានត្រឹមត្រូវក្នុងការទាញយកផលអនុផលព្រៃឈើ និងបានធ្វើការចុះល្បាតនៅតាមព្រៃសហគមន៍ថែមទៀតផង ។
លោកបន្តថាកាលពីសប្តាហ៍ទី៣កន្លងមកនេះមន្ត្រីសហគមន៍ចុះល្បាតបានប្រទះឃើញជនសង្ស័យចូលព្រៃកាប់ឈើខុសច្បាប់ និងបានចាត់វិធានការដកហូតបានរណាយន្តបានចំនួន៣គ្រឿង ។
លោក រឿនសម្បត្តិ មេឃុំក្បាលរមាសបានទទួលស្គាល់ថា នេះជាសកម្មភាពលួចលាក់និងមានបំណងបំផ្លាញធនធានព្រៃឈើដោយខុសច្បាប់ ដែលបង្កផលប៉ះពាល់ទៅលើព្រៃសហគមន៍ ហើយកន្លងមក អាជ្ញាធរតែងតែធ្វើការអប់រំប្រជាពលរដ្ឋនៅក្នុងភូមិជារើយៗរួចមកហើយ។
លោកប៉ោណារិទ្ធ នាយកអង្គការភូមិខ្ញុំ ប្រចាំនៅខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ថា ដើម្បីឱ្យមានដំណោះស្រាយល្អក្នុងការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសព្រៃឈើក្នុងសហគមន៍នេះ អង្គការភូមិខ្ញុំ នឹងព្យាយាមចលនាក្រុមយុវជនឱ្យដើរតួនាទីសំខាន់ក្នុងកិច្ចការងារអភិរក្សឱ្យមានប្រសិទ្ធភាពហើយអង្គការភូមិខ្ញុំនៅបន្តការជួយគាំទ្របន្ថែម ។
សូមបញ្ជាក់ថា សហគមន៍ព្រៃឈើ ភ្នំតាគង់បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដែលមានផ្ទៃដីទំហំ១០៧៣ហិកតា ខណៈប្រជាសហគមន៍បាននាំគ្នាចាត់ទុកថា ព្រៃឈើពិតជាមានអត្ថប្រយោជន៍ច្រើនក្នុងការផ្តល់ទីជម្រកដល់មនុស្ស និងសត្វគ្រប់ប្រភេទ ព្រមទាំងបង្កើតបាននូវប្រព័ន្ធជីវៈចម្រុះសម្រាប់ការពារភពផែនដីនិងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕