រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី២ ក្នុងថវិកាជាតិចំនួន៣០លានដុល្លារ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៨ ២០២០


MC: រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលពីរខែបន្ថែមទៀត ដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្មវីធី ឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២ គិតចាប់ពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហានេះ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វីង នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិចំនួន៣០លានដុល្លារអាមេរិក ជូនដល់ប្រជាជនចំនួនជាង២,៦លាននាក់។ ទំហំថវិកានេះមានការកើនឡើងពី២៦លានដុល្លារអាមេរិក នៅខែកក្កដា និង ២៣ លានដុល្លារអាមេរិក នៅខែមិថុនា ដោយសារមានការកើនឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួនប្រមាណ៦ម៉ឺនគ្រួសារបន្ថែម។
កម្មវិធីជំនួយសង្គមពិសេសនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែល មានបណ្ណសមធម៌ រួមបញ្ចូលលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូល ដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិ ថា ជាកម្មវីធីដែលជោគជ័យមួយ ដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបែបឌីជីថល ដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា ការអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេស ត្រូវបានធ្វើឡើងដោយអាជ្ញាធរឃុំ សង្កាត់ ដឹកនាំការអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
រាជរដ្ឋាភិបាល ក៏ទទួលស្គាល់នូវជំនួយបច្ចេកទេសដែលផ្តល់ដោយដៃគូរអភិវឌ្ឍន៍នានា ជាពិសេសអង្គការ UNICEF, UNDP, GIZ, រដ្ឋាភិបាលអូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត និងសហគមអឺរ៉ុប ដែលនាំឱ្យកម្មវិធីនេះអាចដាក់ឱ្យអនុវត្តដោយរលូន និងប្រកបដោយភាពជោគជ័យ ៕