អាជ្ញាធរយកកូនឈើដើមរាំងទឹកទៅដាំនៅរមណីយដ្ឋានអាងជើងគ្រុស

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០–

កូនដើមរាំងទឹកប្រមាណជាង ១.២០០ ដើមត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ យកទៅដាំនៅក្នុងបរិវេណរមណីយដ្ឋានអាងជើង គ្រុស ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ថែមទៀត នូវសោភណភាពបរិស្ថានធម្មជាតិក្នុងតំបន់រមណីយដ្ឋានទេសចរណ៍មួយនេះសំ ដៅទាក់ទាញភ្ញៀវទេសចរមកម្សាន្តលេងកាន់តែច្រើនឡើង។

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមដាំ ដើមរាំងទឹកចំនួនជាង ១.២០០ដើមនេះ កាលពីរសៀលថ្ងៃ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ការយកកូនឈើដើមរាំងទឹកមកដាំនៅក្នុងអាង ជើងគ្រុសនេះ ដើម្បីធ្វើឱ្យតំបន់រមណីយដ្ឋាននេះកាន់តែមានបរិស្ថានស្រស់ស្អាត និងមាន សោភណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរ ចូលទៅកម្សាន្តកាន់តែច្រើនឡើង ពិសេស នៅថ្ងៃឈប់សម្រាកនឹងនៅពេលបុណ្យទានជាដើម ។ ឯកឧត្តមបន្តទៀតថា ម្យ៉ាងទៀតការ រួមគ្នាដាំដើមឈើនេះ ក៏ធ្វើឡើងជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីភ្ញាក់រលឹករបស់មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងការចូលរួមការពារការ ដាំដុះព្រៃឈើឡើងវិញ បន្ទាប់ពីរងការហិនហោចដោយសារតែការបំផ្លាញកន្លងមកនេះ។

អភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវឱ្យចូលរួមទាំងអស់គ្នាបន្តការដាំ
ដើមឈើ ព្រៃឈើមិនថានៅទីកន្លែងណានោះទេ ទោះបីច្រើនក្តី ឬតិចក្តី ហើយត្រូវបន្តថែទាំ ឱ្យបាននៅគង់វង្សផងដែរ។ អាងជើងគ្រុស ជាអាងមួយដ៏ធំ ដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មិនត្រឹមជាអាងស្ដុកទឹកប៉ុណ្ណោះទេ អាងជើងគ្រុស ក៏ជាតំបន់ទេសចរណ៍សក្ដានុពល សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរទៅទស្សនាកម្សាន្តផងដែរ។

លោក ម៉ៅ ស៊ី អ្នកគ្រប់គ្រងអាងជើងគ្រុស បានឱ្យដឹងថា «ពីដើមឡើយទីតាំងនេះ ជាព្រៃ និងមានភាពស្ងាត់ជ្រងំ ប៉ុន្តែក្រោយមានការអភិវឌ្ឍ បានក្លាយជាតំបន់ទេសចរណ៍ដែល មានប្រជាពលរដ្ឋមកកម្សាន្តច្រើន»។
អាងជើងគ្រុសនេះ មានចម្ងាយ ៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ ដែលស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ភ្ញៀវទេសចរ និងពលរដ្ឋដែលមកកម្សាន្តនៅអាងជើងគ្រុសនេះ អាចគយគន់សុរិយាអស្ដង្គត ជិះទូកមើលសត្វស្លាប និងមានកន្លែងទទួលទានអាហារ រួមទាំងមានចំណតយានយន្តដ៏ធំទូលាយផងដែរ។

លោក ម៉ៅ ស៊ី បានឱ្យដឹងទៀតថា «អាងជើងគ្រុសនេះ បានប្រែក្លាយពីតំបន់ដែលពលរដ្ឋនេសាទខុសច្បាប់ មកជាតំបន់ផ្ដល់ចំណូលដល់ពលរដ្ឋ តាមរយៈសកម្មភាពទេស ចរណ៍»។ អាងជើងគ្រុស មានស្ពានបណ្ដែតទឹក និងផែសម្រាប់ភ្ញៀវទេសចរអង្គុយ និងឈរថតរូបទុកជាអនុស្សាវរីយ៍។ ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទានជាថ្ងៃដែលពលរដ្ឋ និងភ្ញៀវទេស ចរ មកលេងតំបន់នេះច្រើនជាងគេ។ អាងជើងគ្រុស ដែលជាសក្ដានុពលថ្មី នៅឃុំបន្ទាយឆ្មារនេះ ត្រូវបានថែរក្សាអនាម័យ និងសម្អាតបានត្រឹមត្រូវដោយក្រុមការងារនៅទីនោះ៕ ដោយ ឈុន សារ៉ាត