កសិករខេត្តស្វាយរៀងបង្កបង្កើនផលស្រូវវស្សាសម្រេចបានជាង៩៥ភាគរយហើយ

វិទ្យុជាតិកម្ពុជា៖ស្រីផល 25,08,2020


MC៖ មន្ទីរកសិកម្មខេត្តស្វាយរៀងបានឱ្យដឹងថា ប្រជាកសិករក្នុងខេត្តនេះបានអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា សម្រេចបានជាង៩៥ភាគរយ លើផ្ទៃដី ជាង១០ម៉ឺនហិកតា។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………
លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នការងារបង្កបង្កើនស្រូវរដូវវស្សា របស់ប្រជាកសិករ មានផ្ទៃដីសរុបចំនួនជាង១០ម៉ឺនហិកតា ដោយក្នុងនោះបានធ្វើស្រូវស្រាល និងស្រូវកណ្តាល មានផ្ទៃដីជាង១០ម៉ឺនហិកតា និងស្រូវធ្ងន់លើផ្ទៃដីជាង៥ពាន់ហិកតា ហើយទិន្នផល គឺប្រមូលបានប្រហែលជា៤តោនក្នុងមួយហិកតា ។ លោកបន្តទៀតថា ឆ្នាំនេះការបង្កបង្កើនផលស្រូវវស្សាបានលឿនជាងឆ្នាំកន្លងទៅ ដោយសារតែភ្លៀងធ្លាក់គ្រប់គ្រាន់ តាំងពីដើមដៃ ដែលធ្វើឱ្យការភ្ជួររាស់របស់កសិករមានភាពងាយស្រួល។
លោកបានបន្តទៀតថា មន្ទីរបានចុះណែនាំ និងផ្តល់បច្ចេកទេសដល់កសិករក្នុងការដាំដុះ ដើម្បីការពារសត្វល្អិតចង្រៃ និងកត្តាយាយីផ្សេងៗ ដោយធ្វើយ៉ាងណាជំរុញឱ្យកសិករ អនុវត្តទៅតាមបច្ចេកទេសថ្មី ដែលធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីអោយទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។
សំឡេង៖ «យើងមានកម្មវិធីអាស្ប៉ាយ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដោយប្រើថវិកាកម្មវិធីយើងបានធ្វើការងារហ្នឹងជាមួយកសិករ នៅគ្រប់ឃុំគោលដៅទាំងអស់ លើកលែងតែក្រុងបាវិតនិងក្រុងស្វាយរៀងទេ ប៉ុន្តែនៅក្នុងសង្កាត់ហ្នឹងមានមន្ត្រីខាងកសិកម្មស្រុក ដោយបានសហការគ្នាជាមួយខាងមន្ទីរធនធានធម្មជាតិ និងបរិស្ថានហើយ ក៏មានភ្នាក់ងារមានតួនាទីផ្សព្វផ្សាយទៅលើការងារហ្នឹងដែរ។ រៀងរាល់ការប្រជុំប្រចាំខែ បានចុះផ្ទាល់ និងអនុវត្តផ្ទាល់ បានជំរុញកសិករចុះមើលការបង្ហាញរបស់គាត់ មិនមានពេលទំនេរទេចំពោះការងារកសិកម្មនេះ ចុះដល់មូលដ្ឋាន និងណែនាំគាត់ផ្ទាល់។
ទោះជាយ៉ាងនេះក្តី លោកអនុប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តការធ្វើកសិកម្មឱ្យបានល្អ ដើម្បីទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែចម្ការ ដើម្បីបង្ការការពារពីការបំផ្លាញពីសត្វល្អិតផ្សេងៗ ត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា៕