ក្រសួងព័ត៌មានបើកកិច្ចប្រជុំរកដំណោះស្រាយសម្របសម្រួលឱ្យបានល្អជូនមន្រ្តីក្រោមឱវាទនៅថ្នាក់ក្រោមជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ សីហា ២០២០


MC៖ ក្រសួងព័ត៌មានបើកកិច្ចប្រជុំរកដំណោះស្រាយសម្របសម្រួលឱ្យបានល្អជូនមន្រ្តីក្រោមឱវាទនៅថ្នាក់ក្រោមជាតិក្នុងការផ្ទេរភារកិច្ចការងារបន្ទាប់ពីរាជរដ្ឋាភិបាលធ្វើកំណែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។
ក្នុងកិច្ចប្រជុំការងារបុគ្គលិកជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ផ្នែកពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដើម្បីរកវិធានការដោះស្រាយសម្របសម្រួលឱ្យបានល្អជូនមន្រ្តីថ្នាក់ក្រោមជាតិឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះបានធ្វើឡើងដោយពិនិត្យឃើញនូវការកែទម្រង់និងការផ្អាកការផ្ទេរក្របខ័ណ្ឌ ឬប្តូរកន្លែងធ្វើការរបស់មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ និងពេលកំពុងដំណើរការរៀបចំផ្ទេររចនាសម្ព័ន្ធ និងបុគ្គលិកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះដែរ ក៏រៀបចំឡើងដើម្បីធ្វើការពិនិត្យការបែងចែកមន្រ្តីក្រសួងព័ត៌មាននៅថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ស្រុក នៅច្រកចេញចូលតែមួយដែលមានបញ្ហាមួយចំនួន ក្នុងការចង់ផ្ទេរក្របខ័ណ្ឌមកកន្លែងអង្គភាពដើមវិញផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្នុងរយៈពេលកន្លងមកមានមន្ត្រីនៅមន្ទីរព័ត៌មានតាមបណ្តាខេត្តមួយចំនួនបានផ្ទេរក្របខ័ណ្ឌទៅអង្គភាពផ្សេងនៅថ្នាក់ស្រុកនិងខេត្ត ពិសេសនៅច្រកចេញចូលតែមួយសម្រាប់ជួយកែសម្រួល និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្រាប់មន្ត្រីព័ត៌មាន ជាគោលការណ៍របស់ក្រសួងព័ត៌មាន គឺត្រូវមាននៅគ្រប់ច្រកចេញចូលតែមួយ ដែលត្រូវដើរតួនាទីចំនួន២ គឺទី១ ការផ្តល់ព័ត៌មានធ្វើការផ្សព្វផ្សាយនៅក្នុងខេត្ត និងបញ្ជូនមកដល់ក្រសួង និងទី២មានតួនាទីសម្របសម្រួលរាល់វិវាទដើម្បីបញ្ជៀសទំនាស់ទាំងអស់ដែលកើតមានឡើងដោយការមិនយល់ពីនីតិវិធីបំពេញការងាររវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ៕