ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលផ្តល់អនុសាសន៍៣ចំណុចដល់អាជ្ញាធរមូលដ្ឋានមុននឹងអនុញ្ញាតឱ្យបើកស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០


MC.ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ផ្តល់អនុសាសន៍៣ចំណុចដល់អាជ្ញាធរមូលដ្ឋានមុននឹងអនុញ្ញាតឲ្យបើកស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈក្នុងគោលបំណង ដើម្បីការពារសុវត្ថិភាពអាយុជីវិតថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ ។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៥ ខែសីហាឯកឧត្តមអ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ដើម្បីឲ្យស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈទាំងអស់នៅក្នុងខេត្តសៀមរាប គោរពតាមគោលការណ៍ណែនាំរបស់ជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែយល់ដឹងពីច្បាប់ និងដំណើរការផ្តល់លិខិតអនុញ្ញាតដល់ម្ចាស់អាជីវកម្មទាំងអស់។
ឯកឧត្តមបន្តថា អាជ្ញាធរមូលដ្ឋានត្រូវយល់ពីទិដ្ឋភាពច្បាប់ចំនួន៣ ដោយទី១ម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីជាមុន ទី២ ត្រូវស្នើសុំវិញ្ញាបនបត្របច្ចេកទេស ពីក្រសួងរ៉ែនិងថាមពលតាមរយៈមន្ទីររ៉ែនិងថាមពលរាជធានីខេត្ត និងទី៣ត្រូវសុំច្បាប់សាងសង់ស្ថានីយពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ឯកឧត្តមបានបង្ហាញពីវិធានការមួយចំនួនដើម្បីលុបបំបាត់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នខុសច្បាប់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។
សំឡេង៖យើងបិទគាត់យើងស្នើគាត់ឱ្យចូលរួមគោរពច្បាប់ដើម្បីថែរក្សាទ្រព្យសម្បត្តិគាត់បើគាត់អត់ឆេះអត់ផ្ទុះគឺគាត់ចំណេញ ហើយបើគាត់អត់គោរពតាមយើងគឺគាត់ឡុងចុងក្នុងនាមក្រសួងរ៉ែនិងថាមពល ក៏ដូចជាមន្ទីររ៉ែនិងថាមពល សុំការសហការ និងការគាំទ្រពីអាជ្ញាធរដែនដីក្រុងស្រុកទាំង១២ ហើយការគាំទ្រនោះមានតែបីចំណុចទេ ទី១ស្ថានីយថ្មីចាប់ពីថ្ងៃនេះទៅត្រូវសុំច្បាប់ពីអាជ្ញាធរដែនដី ក្រុង ស្រុក ឬមកដល់រដ្ឋបាលខេត្តក៏បាន ថាតើទីតាំងនោះអនុញ្ញាតបានហើយ មិនជិតទីប្រជុំជនពេក មិនជិតសាលារៀនពេកទេ តែសុំខ្នាតស្ថានីយថ្មីយ៉ាងតិចក្បាលដី២៥ម៉ែត្រ បន្ទាប់មកត្រូវសុំវិញ្ញាបនបត្របច្ចេកទេសពីក្រសួងរ៉ែនិងថាមពលតាមរយៈមន្ទីររ៉ែនិងថាមពល អាជ្ញាធរដែនដីអនុញ្ញាតហើយមិនថាគាត់រួចច្បាប់ទេ គឺគាត់ត្រូវអនុវត្តន៍ទៅតាមបច្ចេកទេសត្រឹមត្រូវ បន្ទាប់មកត្រូវសុំច្បាប់សាងសង់ស្ថានីយពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ហើយគាត់ត្រូវស្នើសុំលិខិតដំណើរការស្ថានីយរបស់គាត់ បើគាត់អត់មានចំណុចទាំងអស់នេះទេនឹងត្រូវពិន័យហើយ។
គួរម្លឹកថា យោងតាមរបាយការណ៍ខែកក្កដា ឆ្នាំ២០២០ ខេត្តសៀមរាប មានស្ថានីយ សរុបចំនួន ៣៦២ ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ ចំនួន៣១៣ ស្ថានីយ ស្ថានីយឧស្ម័នឥន្ធនៈ ចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈមានចំនួន៣៨ស្ថានីយ ។ ក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មានហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង ហើយស្ថានីយខ្លះទៀត មានលក្ខណៈសមស្រប អាចទទួលបានការអនុញ្ញាតច្បាប់៕