រដ្ឋមន្រ្តីក្រសួងព័ត៌មានកោតសរសើរស្នាដៃនិពន្ធសៀវភៅបែបប្រវត្តិសាស្រ្ត នយោបាយ របស់ឯកឧត្តម ឯក ថា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ សីហា ២០២០


MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានកោតសរសើរស្នាដៃនិពន្ធសៀវភៅបែបប្រវត្តិសាស្រ្ត នយោបាយ របស់ឯកឧត្តម ឯក ថា អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឲ្យប្រជាពលរដ្ឋជាយុវជនជំនាន់ក្រោយ បានដឹងពីប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម ឯក ថា អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី ចូលជួបសំដែងការគួរសម និងទទួលសៀវភៅ ប្រលោមលោកបែបប្រវត្តិសាស្រ្ត នយោបាយ ជាភាសាអង់គ្លេស មានចំណងជើងថា «ស្នេហ៍វែងអន្លាយជីវិតខ្លី» “Long Love, Short Life” នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ឯកឧត្តម ឯក ថា ដែលបានខិតខំប្រឹងប្រែង ស្រាវជ្រាវ តែងនិពន្ធសៀវភៅប្រលោមលោកបែបប្រវត្តិសាស្រ្ត នយោបាយនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ បានដឹងពីប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ចំពោះការបោះពុម្ភជាភាសា អង់គ្លេសនេះដែរ ក៏ដើម្បីឲ្យ បរទេស បានអានយល់ដឹងស៊ីជម្រៅ ពីប្រវត្តិសាស្រ្តដ៏លំបាករបស់ប្រទេស កម្ពុជា ទំរាំឈានមកដល់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើន ដូច សព្វថ្ងៃនេះ។
ឯកឧត្តម ឯក ថា បានមានប្រសាសន៍ថា សៀវភៅរឿង «ស្នេហ៍វែងអន្លាយជីវិតខ្លី» ត្រូវបាន សរសេរ ចងក្រងឡើង អស់រយះពេល ជាង១ឆ្នាំ ជាជំហ៊ានដំបូងបោះពុម្ភជាភាសា អង់គ្លេស ហើយនៅឆ្នាំ ក្រោយទៀត និងបោះពុម្ភជាភាសាខ្មែរ។
ឯកឧត្តមបន្តថា ខ្លឹមសារសំខាន់នៃសៀវភៅ រឿង «ស្នេហ៍វែងអន្លាយជីវិតខ្លី» “Long Love, Short Life” និយាយអំពីស្នេហាយុវវ័យកម្ពុជា ក្នុងពេលកំពុងសិក្សានៅ ថ្នាក់មធ្យមសិក្សាកំរិត ២ នាទសវត្ស ៨០ ក្នុងសាច់រឿងនោះ តួអង្គទាំងពីរ បានបង្ហាញពីប្រវត្តិនៃការលំបាក របស់ ប្រជាជនកម្ពុជា នាសម័យសង្រ្គាម ដោយសារការហូរចូលនូវមនោគមបរទេស បែប កម្មុយនីស និងបែបសេរី និងសោកនាដកម្ម របស់ប្រទេសកម្ពុជា នៅក្នុង អតីតកាល និងបង្ហាញពីអ្វីជាបទពិសោធន៍ល្អៗក្នុងអតីតកាលផងដែរ។ រឿង«ស្នេហ៍វែងអន្លាយជីវិតខ្លី» ក៏បានឆ្លុះបញ្ចំាងនូវទិដ្ឋភាព ការពិតនៃដំណើរការវិវត្តន៍របស់ប្រទសកម្ពុជា ក្នុងទសវត្ស ៧០ រហូត ទសវត្ស ឆ្នាំ២០០០ ហើយក៏ បានបង្ហាញពីការលំបាកនៅ ក្នុងសម័យខ្មែរក្រហម ការបាត់បង់ក្រុមគ្រួសារ បងប្អូនសាច់ញាត្តិ និងការរំដោះចេញពីរបបខ្មែរក្រហម ដោយមានការតស៊ូ អត់ធ្មត់ ដោយដៃម្ខាង ទប់ស្កាត់ ការវិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម និងដៃម្ខាងទៀតកសាងប្រទេសជាតិរហូតមានការ អភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕