សង្គមស៊ីវិលគាំទ្រឱ្យរាជរដ្ឋាភិបាលបង្ហាញពីតម្លាភាពថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៨ ២០២០


MC: សង្គមស៊ីវិល គាំទ្រឱ្យរាជរដ្ឋាភិបាលបង្ហាញពីតម្លាភាពថវិកាជាសាធារណៈ ទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតក្នុងការតាមដានផែនការអភិវឌ្ឍន៍ និងការវិភាជថវិការបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងអភិវឌ្ឍន៍នានា។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នសភាកម្ពុជា អាចផ្តល់ឱកាសឱ្យបានច្រើនបំផុតដល់សាធារណជន ក្នុងការចូលរួមត្រួតពិនិត្យការធ្វើផែនការក្នុងដំណាក់កាលវដ្ដថវិកា និងការអនុវត្តថវិកាទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅឱ្យការអភិវឌ្ឍប្រកបដោយលទ្ធិប្រជាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព។
សំណើលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់៨៦ ដោយទទួលបានពិន្ទុ៣២លើ១០០ ក្នុងចំណោម១១៧ប្រទេស ដែលបានផ្សព្វផ្សាយជាសាធារណៈអំពីព័ត៌មានថវិកា សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក អ៊ុក វណ្ណារ៉ា នាយកប្រតិបត្តិរងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃនៅឆ្ងាយពីការរៀបចំថវិកាជាតិ អាស្រ័យដោយពួកគាត់មិនបានដឹងពីសារៈសំខាន់ និងគួបផ្សំជាមួយការមិនបានបើកចំហព័ត៌មានស្តីពីការរៀបចំផែនការថវិកាជាតិរបស់រាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កាលពីសប្តាហ៍មុននេះ បានអះអាងថា រាល់ព័ត៌មានស្តីពីគម្រោងថវិកា និងការប្រើប្រាស់ថវិកាជាតិរបស់រាជរដ្ឋាភិបាល ត្រូវបានសភាតាមដានយ៉ាងយកចិត្តទុកដាក់ និងបានធ្វើការផ្សព្វផ្សាយព័ត៌មានទាំងនេះនៅលើគេហទំព័រ និងបើកវេទិកាសាធារណៈ ដើម្បីប្រមូលការចូលរួមមតិពីប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល និងឯកសារជំនួយនៅលើប្រព័ន្ធផ្សព្វផ្សាយមុនពេលរដ្ឋសភាអនុម័តថវិកាប្រចាំឆ្នាំ ស្របគ្នាទៅនឹងការផ្សព្វផ្សាយរបាយការណ៍បំណុលចុងឆ្នាំ និងការអនុវត្តបំណុលផងដែរ។
សូមបញ្ជាក់ថា កញ្ចប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នេះ ត្រូវបានរាជរដ្ឋាភិបាល ស្នើក្នុងគម្រោងចំណាយជាង៨ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ទៅតាមវិស័យ ដែលជាអាទិភាពទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ៕