បណ្តាក្រុមហ៊ុនរបស់អូស្ត្រាលីជំរុញការស្វែងរកឱកាសបន្ថែមនៅក្នុងតំបន់អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០​ — ក្នុងអំឡុងពេលនៃសិក្ខាសាលាមួយដែលធ្វើឡើងកាលពីចុងសប្តាហ៍មុន លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទេសចរណ៍​ និងការវិនិយោគរបស់អូស្រ្តាលី បានអំពាវនាវដល់សហគមន៍ធុរកិច្ចអូស្ត្រាលីឱ្យស្វែងរកឱកាសបន្ថែមទៀតនៅក្នុងរដ្ឋជាសមាជិកអាស៊ានទាំង ១០ ។

អាស៊ាន – អូស្រ្តាលី៖ សិក្ខាសាលាស្តីពី ផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនូវអន្តរកម្ម ត្រូវបានរៀបចំរួមគ្នាដោយក្រុមប្រឹក្សាអូស្រ្តាលី – អាស៊ាន គណៈកម្មាធិការអាស៊ាននៅទីក្រុងកង់បេរ៉ា និង Asialink ដើម្បីប្រារព្ធខួបលើកទី ៥៣ នៃប្លុកនេះ។

លោក Birmingham បានគូសបញ្ជាក់ថា សក្តានុពលនៃកំណើននៅក្នុងបណ្តាប្រទេសនៅអាស៊ាន ដូចជាវៀតណាម និងឥណ្ឌូណេស៊ី រួមជាមួយទំនាក់ទំនងដែលបានបង្កើតឡើងរវាងអូស្រ្តាលី និងប្រជាជាតិទាំងនេះ ដូចជាសិង្ហបុរី និងម៉ាឡេស៊ី នឹងផ្តល់នូវឱកាសដ៏សំខាន់សម្រាប់សហគ្រាសអូស្ត្រាលីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគជាមួយអាស៊ាន។

លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ នៅទូទាំងតំបន់ឥណ្ឌូ – អាស៊ី – ប៉ាស៊ីហ្វិក ក៏នឹងជួយសម្រួលដល់សកម្មភាពអាជីវកម្មទាំងនេះផងដែរ។ លោករំពឹងថា កិច្ចព្រមព្រៀងនេះនឹងជំរុញសហគមន៍ពាណិជ្ជកម្មអូស្ត្រាលីឱ្យស្វែងរកឱកាសបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ាន ដោយជំរុញកំណើននាពេលអនាគត។

នាយកប្រតិបត្តិនៃកាសែតអូស្រ្តាលីប៉ុស្តិ៍ លោកស្រី Christine Holgate ដែលជាប្រធានក្រុមប្រឹក្សា អូស្ត្រាលី – អាស៊ានផងដែរនោះ បាននិយាយថា លោកស្រីសង្ឃឹមថា អាស៊ាននឹងផ្តល់ឱកាសដល់បណ្តាក្រុមហ៊ុនរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍន៍ និងចូលរួមបន្ថែមទៀតនៅយុទ្ធសាស្រ្តអន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)