មន្ត្រីជាន់ខ្ពស់អាស៊ានកោះប្រជុំតាមប្រព័ន្ធអ៊ីនធើណិត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ២៤ ខែសីហា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីថាមពល លើកទី ៣៨ (SOME 38) បានធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពជាបន្តបន្ទាប់ និងត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន (AMEM) លើកទី ៣៨ នាពេលខាងមុខ។

ក្រោមអធិបតីភាពរបស់លោក Hoang Tien Dung ប្រធានអាជ្ញាធរអគ្គិសនី និងថាមពលកកើតឡើងវិញរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន មជ្ឈមណ្ឌលថាមពលអាស៊ាន ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) និងបណ្តាប្រទេសជាដៃគូ ដូចជាចិន សាធារណរដ្ឋកូរ៉េ នូវែលហ្សេឡង់ និងសហរដ្ឋអាមេរិក។

អ្នកចូលរួមកិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តក្នុងអំឡុងឆ្នាំ ២០១៦-២០២០ នៃផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) សម្រាប់ឆ្នាំ ២០១៦-២០២៥ កិច្ចសហប្រតិបត្តិការរវាងប្លុក និងដៃគូសន្ទនារបស់ខ្លួន និងអង្គការអន្តរជាតិ ព្រមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AMEM លើកទី ៣៨ នៅក្នុងខែវិច្ឆិកាខាងមុខផងដែរ។

ពួកគេបានឯកភាពគ្នាថា សមាជិកអាស៊ាន និងអង្គការអន្តរជាតិគួរតែធ្វើការងាររួមគ្នាដើម្បីបញ្ចប់ខ្លឹមសារក្នុងដំណាក់កាលទី ២ (២០២០-២០២៥) នៃ APAEC ឆ្ពោះទៅរកនិរន្តរភាពដោយបន្ថែមនូវតម្រូវការដើម្បីបញ្ចប់ទស្សនវិស័យថាមពលអាស៊ានលើកទី ៦ ដើម្បីបំពេញបន្ថែមដំណាក់កាលនេះ។

ពួកគេក៏បានសង្កត់ធ្ងន់ផងដែរអំពីការបញ្ចប់ផែនការពីប្រធានថាមពលប្រើប្រាស់អាស៊ាន/អាជ្ញាធរថាមពលអាស៊ាន (HAPUA) និងគណៈកម្មាធិការពិគ្រោះយោបល់បណ្តាញអគ្គិសនីអាស៊ាន (APGCC) សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអគ្គិសនីពហុភាគីនៅក្នុងប្លុកនេះ។

ពួកគេបាននិយាយថា ការបញ្ចប់ដំណាក់កាលទី ១ និងទី ២ នៃការសិក្សាផែនការមេអន្តរទំនាក់ទំនងអាស៊ាន (AIMS) III គឺមានសារៈសំខាន់ណាស់សម្រាប់ការផ្តល់យោបល់អំពីហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលចាំបាច់សម្រាប់ពាណិជ្ជកម្មអគ្គិសនីពហុភាគី នឹងសម្រាប់ការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)