ប្រទេសចិនផ្តល់អាទិភាពដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០​ — នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានសន្យាផ្តល់អាទិភាពដល់ការផ្តល់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គនៅពេលដែលវាត្រូវបានផលិត និងអាចប្រើប្រាស់បាន។

លោក Li បានធ្វើសេចក្តីថ្លែងការណ៍នេះនៅពេលចូលរួមកិច្ចប្រជុំលើកទី ៣ របស់មេដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង – មេគង្គ (LMC) តាមរយៈតំណភ្ជាប់វីដេអូ។

លោកត្រូវបានដកស្រង់សម្តីដែលបាននិយាយថា ប្រទេសចិននឹងបង្កើតមូលនិធិពិសេសដើម្បីលើកកម្ពស់សុខភាពសាធារណៈក្រោមក្របខ័ណ្ឌនៃមូលនិធិពិសេស LMC ហើយបន្តផ្តល់សម្ភារៈប្រឆាំងនឹងការរាតត្បាត និងការគាំទ្របច្ចេកទេសដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។

ដោយលើកឡើងអំពីសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការចំពោះការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាសកល លោក Li បាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការងារជាមួយបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដើម្បីជួយដល់ការងាររបស់អង្គការសុខភាពពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)