គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអះអាងថា ទំនប់វារីអគ្គិសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបនោះទេ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ០៨ ២០២០


MC៖គណៈកម្មាធិកាជាតិទន្លេមេគង្គកម្ពុជាអះអាងថា ទំនប់វារីអគ្គិសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យ ប៉ះពាល់ដល់របបទឹកទន្លេ។
លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានមានប្រសាសន៍ថា ការសាងសង់វារីអគ្គិសនីលើដងទន្លេមេគង្គ មិនមែនជាកត្តាចម្បងដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះជាងមុនឡើយ ប៉ុន្តែកត្តារាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងកត្តាអ៊ែលនីណូទេ ទើបជាកត្តាចំបង ។ លោកបានបញ្ជាក់ថា វារីអគ្គិសនីជាកត្តារួមចំណែកស្ទាក់ទឹកដងទន្លេមេគង្គ ដែលធ្វើឱ្យមានបម្រែបម្រួលរបបទឹកនៅរដូវវស្សា និងរដូវប្រាំង ប៉ុន្តែមិនបានធ្វើឱ្យទឹកទន្លេមេគង្គស្រកឡើយ។
សំឡេង «ប្រតិបត្តិការគឺមានកត្តាចូលរួមធ្វើឲ្យរបបទឹកមានការប្រែប្រួល ទំនប់វារីអគ្គិសនីមិនបានប្រើប្រាស់ទឹកទេ គ្រាន់តែធ្វើការស្ទាក់ទុក និងបញ្ចេញទឹក ដើម្បីផលិតថាមពល បម្រើឲ្យថាមពលប្រចាំខែ ប៉ុន្តែនិយាយសាមញ្ញមិនស៊ីទឹកទេ។ អ៊ីចឹងវាធ្វើឱ្យរបបទឹកមានការប្រែប្រួល ខែវស្សាវាកាត់បន្ថយបន្តិច ខែប្រាំងត្រូវបន្ថែមទឹកឲ្យ ពោលគឺបន្ថែមលើរបបទឹកធម្មជាតិ។ ប៉ុន្តែកត្តារាំងស្ងួត កត្តាបម្រែបម្រួលអាកាសធាតុនិងកត្តាអែលនីណូជាកត្តាចម្បង»។
តាមរបាយការណ៍ និងការសិក្សានានារបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មការទន្លេមេគង្គ ដោយយោងលើ ប្រភពទិន្នន័យនិងព័ត៌មាន ពីបណ្តាញស្ថានីយឧតុនិយម និងជលសាស្ត្រ នៅក្នុងប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម, ប្រព័ន្ធរ៉ាដានិងផ្កាយរណប, ប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងតាមដានភាពរាំងស្ងួត ទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់តំបន់ ឲ្យដឹងថា ភាគរយនៃលំហូរទឹកភ្លៀង ដែលហូរចូលក្នុងប្រព័ន្ធទន្លេមេគង្គចិន ១៦ភាគរយ មីយ៉ាន់ម៉ា ២ភាគរយ ឡាវ ៣៥ភាគរយ ថៃ ១៨ភាគរយ កម្ពុជា ១៨ភាគរយ និងវៀតណាម ១១ភាគរយ ។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ កម្ពុជាមិនមានផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គទៀតទេ ដោយសារកម្ពុជានឹងងាកទៅស្វែងរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានប្រកាសថា ក្នុងឆ្នាំ ២០២០នេះ ថាមពលដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នឹងរួមចំណែក ប្រមាណ១៥ភាគរយ នៅក្នុងបណ្តាញជាតិដែលនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ផងដែរ៕