ក្រសួងកសិកម្មបានប្រកាសដល់ប្រជាកសិករដែលចង់បង្កើតសហគមន៍អាចស្នើសុំមកអគ្គនាយកដ្ឋានកសិកម្ម

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៤.៨.២០២០


MC៖ក្រសួងកសិកម្មលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រកបមុខរបរក្នុងវិស័យកសិកម្មដែលចង់បង្កើតជាសហគមន៍អាចស្នើសុំមកអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសម្របសម្រួលក្នុងការបង្កើតសហគមន៍កសិកម្ម ដែលជួយលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម និងជីវភាពក្នុងក្រុមគ្រួសារ។
ក្នុងងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា ការចងក្រងបង្កើតជាសហគមន៍ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិករក្នុងការរកទីផ្សារ និងការទទួលបានបច្ចេកទេសផ្សេងៗពីការដាំដុះ ឬការចិញ្ចឹម។លោក បញ្ជាក់ថា ការបង្កើត សហគមន៍បាន ត្រូវមានសមាជិក ចាប់ពី១៥នាក់ឡើងទៅ រស់នៅក្នុងភូមិសាស្ត្រ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត និងមានមុខរបរចម្បងក្នុងក្របខ័ណ្ឌនៃប្រព័ន្ធផលិតកម្ម កសិកម្ម កសិពាណិជ្ជកម្ម កសិឧស្សាហកម្ម ឬសេវាកម្មទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។
សំឡេង៖«បងប្អូនប្រជាកសិករមានបំណងដែលចង់ឲ្យមានសហគមន៍នេះជាគោលបំណងធំរបស់ក្រសួងកសិកម្ម អគ្គនាយកដ្ឋានកសិកម្មជួយសម្រួលក៏ដូចជាដោះស្រាយបញ្ហាទីផ្សារ ហើយក៍ដើរតួនាទីពង្រឹងសមត្ថភាពតាមសហគមន៍។ចឹងផ្តើមពីការស្នើសុំ ក៏ដូចជាការរៀបចំចងក្រងបងប្អូនប្រជាកសិករ ឲ្យមានជាសមាជិកជាក្រុម ស្នើសុំមកខាងអគ្គនាយកដ្ឋានកសិកម្មឬមន្ទីរកសិកម្មខេត្ត ហើយការចងក្រងសហគមន៍គឺត្រូវការមានសមាជិកច្រើន ដើម្បីពង្រីកឲ្យមានសក្តានុពល ។នៅពេលយើងមានសហគមន៍មានសក្តានុពលក្នុងផលិតខ្លាំងគឺដៃគូរត្រូវការទិញ ប្រសិនបើមានបរិមាណគ្រប់គ្រាន់ ខាងមន្ទីរកសិកម្មខេត្តនឹងរកដៃគូរឲ្យ ។ អ្វីដែលក្រសួងកសិកម្ម ដែលកំពុងប្រឹងប្រែង ជាយុទ្ធសាស្ត្រមួយក្នុងការដោះស្រាយ បញ្ហាទីផ្សារ របស់កសិកររបស់យើង»។
លោកបានបញ្ជាក់ថា ដើម្បីចុះបញ្ជីសហគមន៍ ត្រូវមានការបញ្ជាក់ត្រឹមត្រូវពីប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងភ្ជាប់ឯកសារតាមលក្ខន្តិកៈរបស់សហគមន៍កសិកម្មសាម៉ី ត្រូវមានផែនការមុខជំនួញរបស់សហគមន៍កសិកម្មដែលស្នើសុំ លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម បញ្ជីសមាជិកក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យដោយបញ្ជាក់ពីឈ្មោះ មុខរបរនិងអាស័យដ្ឋាន បញ្ជីសមាជិកសហគមន៍កសិកម្មនិងចំនួនភាគហ៊ុន ព្រមទាំងប្រាក់សមាជិកភាពរបស់សមាជិកម្នាក់ៗ និងគំរូហត្ថលេខាឬស្នាមមេដៃស្តាំរបស់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មឬអ្នកមានសិទិ្ធតំណាងឲ្យសហគមន៍កសិកម្ម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជាមានសហគមន៍កសិកម្មប្រមាណជាង១ពាន់សហគមន៍ ដែលផ្តោត លើការដាំដុះ និងការចិញ្ចឹមសត្វ៕