ក្រសួងសាធារណការណែនាំឱ្យយានជំនិះធុនធ្ងន់បិទស្លាកសញ្ញាចាំងពន្លឺ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៨ ២០២០

MC: ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យយានជំនិះធុនធ្ងន់បិទស្លាកសញ្ញាចាំងពន្លឺ ដែលអាចឱ្យយានយន្តដទៃទៀតមើលឃើញច្បាស់នៅពេលយប់ សំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៅថ្ងៃទី២៥ ខែសីហានេះ បានឱ្យដឹងថា យានជំនិះធុនធ្ងន់ ដែលត្រូវបិទស្លាកសញ្ញាចាំងពន្លឺមានរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក មានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន។
ឯកឧត្តម ពន្យល់ថា ស្លាកសញ្ញាចាំងពន្លឺបិទនៅលើ យានជំនិះ ត្រូវមានពីរពណ៌ គឺក្រហម និងលឿង ដែល មានទទឹងមិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាម បទដ្ឋានបច្ចេកទេស VC104+ ។
សម្រាប់ស្លាកសញ្ញាចាំងពន្លឺពណ៌លឿង ត្រូវបិទនៅផ្នែកសងខាងតាមបណ្ដោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០ភាគរយ នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង២៥០មីលីម៉ែត្រ។
ដោយឡែក សម្រាប់ស្លាកសញ្ញាចាំងពន្លឺពណ៌ក្រហម ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅ
គែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម៕