អភិបាលខេត្តកំពង់ចាមនិងមន្រ្តីជំនាញបង្កើនវិធានការទប់ស្កាត់បង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទនៅតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖លោក ហ៊ាងចាន់ថា ភ្នាក់ងារពីខេត្តកំពង់ចាម


MC៖ ឯកឧត្តម អភិបាលខេត្តកំពង់ចាមណែនាំ ឲ្យមន្រ្តីជំនាញបង្កើន វិធានការទប់ស្កាត់បង្ក្រាប អំពើជួញ ដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដើម្បីការពារសុខសុវត្ថិភាពរបស់ស្រ្តី និងកុមារនៅតាមមូលដ្ឋាន។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត បានចាត់ទុក អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចជំនាញ ត្រូវសហការជាមួយ អយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ដោយបង្កើនការទប់ ស្កាត់ និងបង្ក្រាបកាន់តែម៉ឺងម៉ាត់បំផុត។
អភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម ក្នុងសិក្ខាសាលាស្ដីអំពី កិច្ចការរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រកាន់ជំហរដាច់ ខាត ដោយសហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងក្រុមការ ងារជំនាញនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឱ្យជនល្មើស អន្តរការី (មេខ្យល់)ទាំងឡាយណា មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឡើយ។
ឯកឧត្តម បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក ត្រូវអង្កេតនិងធ្វើការកត់ សម្គាល់ នូវទំនោលនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យាដែលមេខ្យល់ ជនរង គ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះនិងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬក្រសែ ភ្នែករបស់អាជ្ញាធរយើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវ កម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវ ភេទ និងកាន់តែអាក្រក់ជាងនេះទៅ ទៀត គឺការបាត់បង់អាយុជីវិតតែម្តង។
លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ចាមបានថ្លែងគាំទ្រ ការរួម គ្នាប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទនេះ ខណៈដែល បញ្ហានេះពុំមែនជាបញ្ហាផ្តាច់មុខរបស់ស្ថាប័នអយ្យការ ឬស្ថាប័នអនុវត្តច្បាប់ ស្នងការដ្ឋាន បញ្ជាការដ្ឋានគណៈកម្មា ធិការ ឬរដ្ឋបាលខេត្តតែឯងនោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយវាទាមទារការ ចូលរួមឱ្យកាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធ ក្នុងគោលដៅការពារប្រជាពលរដ្ឋ នៅក្នុងខេត្តនៅតាមមូលដ្ឋាន ហើយជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារ ដែលពួកគេជា ជនដែលងាយរងគ្រោះ និងងាយធ្លាក់ក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
សូមបញ្ជាក់ថា សំណុំរឿងនៃករណីជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទភាគច្រើន គឺជនរងគ្រោះ និងជនសង្ស័យជាបុគ្គលដែលជាប់ខ្សែស្រឡាយគ្នា ឬជាអ្នករស់នៅភូមិ ឃុំជាមួយគ្នា ហើយនៅខេត្តកំពង់ចាមមានស្រុកចំនួន ០៣ ដែលតែងតែប្រឈមនឹងករណីជួញដូរនេះ គឺស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស៕