រដ្ឋបាលខេត្តសៀមរាបជំរុញដល់អភិបាលក្រុង ស្រុកទាំង១២ត្រូវបន្តពិនិត្យតាមដានទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០


MC. រដ្ឋបាលខេត្តសៀមរាបជំរុញដល់អភិបាលក្រុង ស្រុកទាំង១២ត្រូវបន្តពិនិត្យតាមដានទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីការពារហានិភ័យគ្រោះថ្នាក់ នានាកើតឡើងជាយថាហេតុ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានីភ័យស្ថានីយ និងសារាចរសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈនៅខេត្ត សៀមរាបនាព្រឹកថ្ងៃទី២៥ ខែសីហា លោក ពិន ប្រាកដ អភិបាលរងសៀមរាបបានណែនាំដល់អភិបាលក្រុង ស្រុកទាំង១២ក្នុងខេត្ត ឱ្យបន្តការយកចិត្តទុកដាក់ ចុះពិនិត្យនិងស្រង់ស្ថិតិស្ថានីយប្រេង ដែលបានបើកដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីបង្ការហានិភ័យខ្ពស់ដល់របស់សុវត្ថិភាពប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ការចុះពិនិត្យ និងស្រង់ស្ថិតិស្ថានីយប្រេងនៅក្នុងមូលដ្ឋានខ្លួននេះ នឹងបានដឹងពី ស្ថានីយប្រេងណាដែលលួចលាក់បើកដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយណែនាំពួកគេឱ្យទៅសុំច្បាប់ត្រឹម ត្រូវហើយអនុវត្តតាមស្តង់ដារ ដែលបង្ការការពារ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និង សណ្តាប់ធ្នាប់សាធារណៈ។
សំឡេង៖ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម លោកជំទាវ ជាពិសេសអភិបាលក្រុង ស្រុកទាំង១២ក្នុងខេត្តសៀមរាប សូមបន្តយកចិត្តទុកដាក់ ចំពោះស្ថានីយប្រេងក្នុងខេត្ត និងស្រុកដែលយើងតាំងទីលំនៅ ត្រូវមើលថាស្ថានីយប្រេងទាំងអស់ ស្ថានីយណាខ្លះដែលមានច្បាប់ត្រឹមត្រូវ និងមិនទាន់មានច្បាប់ត្រឹមត្រូវ ត្រូវមានស្ថិតិនៅក្នុងដៃឱ្យត្រឹមត្រូវ ហើយត្រូវណែនាំដល់ម្ចាស់ស្ថានីយណាដែលមិនទាន់មានច្បាប់ត្រូវទៅសុំច្បាប់តាមគោលការណ៍ណែនាំរបស់ក្រសួង ហើយមួយវិញទៀតយើងមើលថា តើស្ថានីយណាខ្លះដែលបង្ក ហានិភ័យខ្ពស់ដល់ក្រុង ស្រុកយើង យើងគួរមានវិធានការណ៍ផ្លូវច្បាប់ ណែនាំឬបិទបញ្ឈប់គាត់ ព្រោះស្ថានីយដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនេះនឹងបង្កហានិភ័យដល់ប្រជាពលរដ្ឋយើង ដើម្បីចៀសវាងបញ្ហានេះយើងគួរកំណត់ចំនួនស្ថានីយ ថាទីតាំងណាខ្លះដែលបើកបាន ទីតាំងណាខ្លះមិនគួរឱ្យបើក។
យោងតាមរបាយការណ៍ខែកក្កដា ឆ្នាំ២០២០ ខេត្តសៀមរាប មានស្ថានីយ សរុបចំនួន ៣៦២ ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ ចំនួន៣១៣ ស្ថានីយ ស្ថានីយឧស្ម័នឥន្ធនៈ ចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈមានចំនួន៣៨ ស្ថានីយ ។ ក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មានហានិភ័យខ្ពស់គួរឱ្យព្រួយបារម្ភ ចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង ហើយស្ថានីយខ្លះទៀត មានលក្ខណៈសមស្រប អាចទទួលបានការអនុញ្ញាតច្បាប់ ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កន្លងមករដ្ឋបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារចម្រុះ ចុះបញ្ឈប់សកម្មភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈចំនួន ១០ទីតាំងនៅក្នុងខេត្ត ដែលទទួលបានការកំណត់ហានិភ័យខ្ពស់ពីក្រសួងរ៉ែ និងថាមពល ជាលទ្ធផល ម្ចាស់ស្ថានីយទាំងនោះ បានគោរព និងអនុវត្តតាមការណែនាំរបស់ក្រុមការងារ។ បន្ថែមពីលើនេះ រដ្ឋបាលខេត្តសៀមរាប ស្នើសុំក្រុមការងារបច្ចេកទេសក្រសួងរ៉ែ និងថាមពល បន្តចុះវាយតម្លៃ និងកំណត់ហានិភ័យស្ថានីយប្រេង និងឧស្ម័នឥន្ធនៈបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងមូល៕