មនុស្ស៧នាក់បានស្លាប់ និង២៧នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ សីហា ២០២០


MC៖ មនុស្ស៧នាក់បានស្លាប់ និងរបួស២៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទំាងនេះកើតឡើងដោយសារបើកបរលើសល្បឿនកំណត់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១៣លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៧នាក់ របួសចំនួន២៧នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៧នាក់ និងរបួសស្រាលចំនួន១០នាក់។
របាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទំាងនេះ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់មិនប្រយ័ត្ន ស្រវឹង ងងុយ និង កត្តាយានជាដើម។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទំាង១៣លើកនេះ គឺបានបណ្តាលឲ្យខូចខាត ម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ៦គ្រឿង រថយន្តធុនធំ ៤គ្រឿង យានផ្សេងៗ ១គ្រឿង ថ្មើរជើង ២នាក់។
ជុំវិញបញ្ហានេះសមត្ថកិច្ចនគរបាលនៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕