រដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំឲ្យសាធារណជនដែលមានចម្ងល់ពីបញ្ហាព្រំដែន អាចចូលមើលក្នុង App ក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី ២៤ សីហា ២០២០


MC: រដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំឲ្យសាធារណជន ដែលមានចម្ងល់ពីបញ្ហាព្រំដែន អាចចូលមើលក្នុង App ក្រសួងព័ត៌មាន ដើម្បីបានយល់ច្បាស់ពីការបកស្រាយបញ្ហាព្រំដែន និងដំណើរការបោះ បង្គោលព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង។
ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យអគ្គនាយកដ្ឋានក្រោមឱវាទត្រូវជូនដំណឹងឱ្យបានញឹកញាប់ដល់ប្រជាពលរដ្ឋដែលចង់ដឹងពីបញ្ហាព្រំដែន អាចចូលមើលក្នុងAppក្រសួងព័ត៌មាន។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់គ្រប់អគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ត្រូវផ្សាយបន្តនៅក្នុង ផេក និងគេហទំព័រ នីមួយៗរបស់ខ្លួនឱ្យបានទូលំទូលាយ ដល់សាធារណជន ទូទៅឲ្យបានដឹង គឺបើចង់ដឹងពីបញ្ហា ព្រំដែន សូមចូលបើកមើល ក្នុង App ក្រសួងព័ត៌មាន ព្រោះនៅក្នុង App នោះ បានដាក់ បញ្ជូលឯកសារទាំងឡាយទាក់ទង និងរឿងព្រំដែន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសំដែងការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់ នៃក្រសួងព័ត៌មាន ទោះបីមានការឈប់សម្រាករហូតដល់ទៅ ៩ ថ្ងៃក៏ដោយ ប៉ុន្តែការផ្សាយព័ត៌មាននៅ ដំណើរការផ្សាយធម្មតា ដោយមិនមានការអាក់ខាននោះទេ ដែលប្រការនេះ បង្ហាញពីស្មារតី ខិត​ខំ​ប្រឹង​ប្រែង​ បំពេញកិច្ចការងារ បានយ៉ាងល្អ។ ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំអោយក្រុម ការងារ ដែលថតសម្ភាសន៍ជាមួយស្ថាប័ន អង្គភាព ផ្សេងៗ សូមឱ្យអ្នកដែលត្រូវ ចូលរួមធ្វើសម្ភាសន៍គួរតែកាត់បន្ថយការនិយាយពាក្យជាភាសាបរទេសឱ្យនៅតិចបំផុត ដោយត្រូវនិយាយជាភាសាខ្មែរឱ្យបានច្រើនវិញព្រោះអ្នកស្តាប់ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ៕