ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចែករំលែកនូវទស្សនៈ៣ចំណុចសំខាន់ៗដល់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣

វិទ្យុជាតិកម្ពុជា៖ លោកអាត ចន្ធូ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចែករំលែកនូវទស្សនៈ៣ចំណុចសំខាន់ៗដល់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ដើម្បីនាំមកនូវលទ្ធផលជាវិជ្ជមាន និងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជំនឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមបណ្ដាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងការលើកកម្ពស់ភាពសុខដុមរមនា និងវិបុលភាពរួមគ្នា នៅក្នុងអនុតំបន់នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែសីហានេះស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំនេះ សមេ្តចតេជោនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈដូចជា ១- ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសមេ្តចតេជោបានអំពាវនាវប្រទេសជាសមាជិកបន្តរួបរួមសាមគ្គីគ្នា និងមានជំនឿទុកចិត្តទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ព្រមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ លើសពីនេះ សមេ្តចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
២- ស្ថិតក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ សមេ្តចតេជោ បានគូសបញ្ជាក់ ពីភាពចាំបាច់ ក្នុងការរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់។ សមេ្តចតេជោ បានជំរុញឱ្យពន្លឿនការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី
នៃកំណើនសម្រាប់អនុតំបន់មេគង្គ-ឡានឆាង ក្នុងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃអនុតំបន់ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ សមេ្តចតេជោ បានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់ផងដែរ។ ក្នុងន័យនេះ សមេ្តចតេជោ បានបង្ហាញការគាំទ្រចំពោះគ្រប់វិធានការដូចមានចែងក្នុងសេចក្តីប្រកាសសហប្រធាន ស្តីពីកិច្ចសហប្រតិបត្តិការនៃការធ្វើ
សហកម្មរវាងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-
សមុទ្រ។ លើសពីនេះ ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ បានចូលរួមជាមួយ ឯកឧត្តម លី ខឺឈាង ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការធានានូវសនិ្តសុខស្បៀងនៅក្នុងប្រទេសចិន និងអនុតំបន់ និងការជំរុញការនាំចេញផលិតផលកសិកម្ម ពីបណ្តាប្រទេសមេគង្គទៅប្រទេសចិន។
៣- ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សមេ្តចតេជោ បានស្នើឱ្យមានការផ្តួចផ្តើមយន្តការតាមដាន និងវាយតម្លៃច្បាស់លាស់ លើការអនុវត្តវិស័យអាទិភាពនីមួយៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការអនុវត្តគម្រោងចាប់តាំងពីពេលដែលដាក់
ឱ្យដំណើរការនូវមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការនេះក្នុងឆ្នាំ២០១៦មក សំដៅនាំមកនូវការអភិវឌ្ឍជាក់ស្តែង និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។
កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ និងបានកត់សម្គាល់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និង២០១៩ នៃការ
អនុវត្តផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ សហប្រធាន ក៏បានអនុម័តលើសេចក្តីប្រកាសស្តីពីកិច្ចសហប្រតិបត្តិការនៃការធ្វើសហកម្ម
រវាងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ៕