សហរដ្ឋអាមេរិកគ្រោងស្ថាបនាឡើងវិញនូវទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចបំផ្លាញសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសន្តិសុខ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០​ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍ Rossiya-1 ថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីស្ថាបនាឡើងវិញនូវទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ អាចបង្កឱ្យមានរឿងអាស្រូវដ៏ធ្ងន់ធ្ងរមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយទីបំផុតនឹងធ្វើឱ្យអន្តរាយដល់សិទ្ធិអំណាចរបស់ខ្លួន។

យោងតាមប្រតិចារិកនៃបទសម្ភាសន៍ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរ ទេសរុស្ស៊ី លោក Lavrov បានរំពឹងថា សហរដ្ឋអាមេរិកនឹងព្យាយាមស្តារទណ្ឌកម្មជាលក្ខណៈអន្តរជាតិប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញដោយប្រើវិធីសាស្រ្តស្របច្បាប់ និងនីតិរដ្ឋ។

លោក Lavrov បាននិយាយថា «យើងកំពុងធ្វើការងារជាមួយដៃគូសហរដ្ឋអាមេរិករបស់យើង និងសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងៗទៀតនៅទីក្រុងញូវយ៉ក និងនៅតាមរដ្ឋធានីនានា។ យើងយល់ថា ប្រទេសជាច្រើនបានដឹងអំពីភាពមិនត្រឹមត្រូវ និងផលប្រឆាំងនៃការប៉ុនប៉ងនេះ។ វានឹងមិនមានលទ្ធផលអ្វីឡើយ ប៉ុន្តែវាអាចនឹងមានលទ្ធផលជាយថាហេតុដែលនាំឱ្យមានរឿងអាស្រូវធ្ងន់ធ្ងរ និងការប្រេះឆានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនៅក្នុងការវិភាគចុងក្រោយដែលធ្វើឱ្យខូចដល់សិទ្ធិអំណាចរបស់ខ្លួន»។

អ្នកការទូតកំពូលរបស់ប្រទេសរុស្ស៊ីរូបនេះបានរំលឹកថា ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីផែនការសកម្មភាពរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានពិពណ៌នាថាវាជា «កិច្ចព្រមព្រៀងមិនល្អ» ។

លោក Lavrov បាននិយាយថា «រឿងនេះគឺរដ្ឋមួយនៅពីក្រោយដំណោះស្រាយឯកភាពគ្នាលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានប្រកាសថា ខ្លួននឹងមិនគោរពតាមកាតព្វកិច្ចដែលខ្លួនបានអនុវត្តនោះទេ ប៉ុន្តែក្នុងពេលតែមួយនោះ គេបានទាមទារឱ្យអ្នកដទៃធ្វើតាមអនុសាសន៍របស់ខ្លួន»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)