រុស្ស៊ីចុះហត្ថលេខាលើកិច្ចសន្យាជាមួយតួកគី ស្តីពីប្រព័ន្ធការពារអាកាស S-400 លើកទី ២

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០​ — មានកាលពីថ្ងៃអាទិត្យ លោក Alexander Mikheyev ប្រធានផ្នែកលក់អាវុធរដ្ឋនៃក្រុមហ៊ុន  Rosoboronexport របស់ប្រទេសរុស្ស៊ីបានប្រាប់អ្នកសារព័ត៌ថា កិច្ចសន្យាស្តីពីការផ្តល់ប្រព័ន្ធការពារគ្រាប់ មីស៊ីលប្រភេទ S-400 លើកទីពីរ ទៅកាន់ប្រទេសតួកគី ត្រូវបានចុះហត្ថលេខាហើយ ហើយភាគីទាំងពីរកំពុងពិភាក្សាគ្នាទៅលើលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចសន្យា។

ប្រធានប្រតិបត្តិរូបនេះបាននិយាយដោយឆ្លើយតបទៅនឹងសំណួរថា « កិច្ចសន្យាត្រូវបានចុះហត្ថលេខារួចហើយ»។

លោកបានបញ្ជាក់ថា ឥឡូវនេះភាគីទាំងពីរកំពុងពិភាក្សាអំពី «ការរៀបចំហិរញ្ញវត្ថុសម្រាប់ការអនុវត្តកិច្ចសន្យា»។

ប្រធានក្រុមហ៊ុន Rosoboronexport បាននិយាយថា រយៈពេលនៃការអនុវត្តកិច្ចសន្យានឹងពឹងផ្អែកលើ «ការត្រៀមខ្លួនរបស់ដៃគូរបស់យើង គឺដើម្បីដោះស្រាយបញ្ហានីតិវិធីជាមួយនឹងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ»។

ប្រទេសរុស្ស៊ីបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០១៧ ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២,៥ប៊ីលានដុល្លារអាម៉េរិកជាមួយប្រទេសតួកគី ស្តីពីការបញ្ជូនប្រព័ន្ធការពារគ្រាប់មីស៊ីល S-400 ទៅកាន់ទីក្រុងអង់ការ៉ា។ ក្រោមកិច្ចសន្យានេះ ទីក្រុងអង់ការ៉ាទទួលបានប្រព័ន្ធការពារដែនអាកាសគ្រាប់មីស៊ីល S-400 ឈុតធំមួយ។ កិច្ចព្រមព្រៀងនេះក៏ផ្តោតទៅលើការផ្ទេរបច្ចេកវិទ្យាផលិតកម្មមួយផ្នែកទៅភាគីតួកគីផងដែរ។

តួកគី គឺជារដ្ឋសមាជិកអង្គការណាតូដំបូងគេដែលទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីប្រទេសរុស្ស៊ី។ ការបញ្ជូនប្រព័ន្ធការពារដែនអាកាស S-400 ទៅកាន់ប្រទេសតួកគីបានចាប់ផ្តើមកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)