មនុស្សជាង ២៣លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០​ — យោងតាមសាកលវិទ្យាល័យអាម៉េរិក Johns Hopkins ដែលបានគណនាស្ថិតិផ្អែកលើព័ត៌មានពីអង្គការអន្តរជាតិ អាជ្ញាធរសហព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ចំនួនករណីដែលត្រូវបានរកឃើញនៃការឆ្លងមេរោគប្រភេទថ្មីកូរ៉ូណាវីរុសនៅលើពិភពលោកមានចំនួនលើសពី ២៣លាននាក់ហើយគិតត្រឹមថ្ងៃសៅរ៍មុន។

យោងតាមសាកលវិទ្យាល័យនេះបានឱ្យដឹងថា ចំនួនអ្នកឆ្លងមានចំនួន ២៣.០២៦.២៣០នាក់ ខណៈដែលអ្នកជំងឺចំនួន ៨០០.២៣៧នាក់បានស្លាប់ ហើយអ្នកជំងឺចំនួន ១៤.៧៧៤.៣០៤នាក់បានព្យាបាលជាសះស្បើយវិញ។ ករណីឆ្លងភាគច្រើន (ចំនួន ៥.៦៤៥.៦៩៧នាក់) ត្រូវបានកត់ត្រានៅក្នុងសហរដ្ឋអាមេរិក និងបន្ទាប់មក គឺប្រទេសប្រេស៊ីល (មានចំនួន ៣.៥៣២.៣៣០នាក់) និងឥណ្ឌា (មានចំនួន២.៩៧៥.៧០១នាក់)។

នៅក្នុងប្រទេសរុស្ស៊ី យោងតាមទីស្នាក់ការកណ្តាលប្រតិបត្តិការសហព័ន្ធសម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាវីរុសបានឱ្យដឹងថា មានអ្នកជំងឺចំនួន ៩៥១.៨៩៧នាក់ដែលបានឆ្លងជំងឺកូវីដ-១៩ និងត្រូវបានចុះបញ្ជី ដោយក្នុងនោះមានអ្នកជំងឺចំនួន ៧៦៧.៤៧៧នាក់បានធូរស្រាល ហើយ ១៦.៣១០នាក់បានស្លាប់៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)