ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាផ្តល់ប្រាក់កម្ចីទ្វេដងដល់ប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០​ — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាផ្តល់ប្រាក់កម្ចីទ្វេដងដល់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ ដែលជាប្រទេសមួយក្នុងចំណោមអតិថិជនធំៗបំផុតរបស់ខ្លួន។

នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក Winfried F. Wicklein បាននិយាយថា ជាធម្មតា ធនាគារបានផ្តល់ប្រាក់ចំនួន ១ប៊ីលានដុល្លារអាមេរិក ទៅ ២ប៊ីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសទាក់ទងនឹង វិស័យថាមពល។

លោកបាននិយាយនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមហ៊ុនថាមពលភូគព្ភសាស្ត្រគ្រប់គ្រងដោយរដ្ឋ  PT Geo Dipa Energi និងទីភ្នាក់ងារធានាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ PT Penjaminan Infrastruktur របស់ឥណ្ឌូណេស៊ីថា ទោះជាយ៉ាងណាក្តី នៅក្នុងការប្រឈមមុខជាមួយនឹងជំងឺ កូវីដ-១៩ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងបង្កើនការគាំទ្រ ហើយនឹងកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះ។

លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ធ្វើការវិនិយោគទៅលើវិស័យថាមពលកកើតឡើងវិញ ដែលជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រជាពិសេសចំពោះថាមពលកំដៅក្នុងផែនដី ខណៈដែលអ្នកផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលចាត់ទុកថា វាជាកត្តាល្អបំផុតដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីដែលជាអ្នកផ្តល់ហិរញ្ញប្បទានឈានមុខគេនៃគម្រោង កំដៅផែនដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានអនុម័តនូវទឹកប្រាក់ចំនួន ៣០០លានដុល្លារអាមេរិកដើម្បីពង្រីករោងចក្រថាមពលកំដៅក្នុងផែនដីនៅតំបន់ Dieng នៃខេត្តជ្វាកណ្តាល និងតំបន់ Patuha នៃខេត្តជ្វាខាងលិច។

ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្ថែមទៅក្នុងបញ្ជីស្ថាប័ន ដែលរួមមានទីភ្នាក់ងារថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស និងវិទ្យាស្ថានកំណែទម្រង់សេវាកម្មចាំបាច់ដែលមានមូលដ្ឋាននៅទីក្រុង ហ្សាការតា ដែលបានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលឥណ្ឌូណេស៊ីឱ្យវិនិយោគទៅលើការស្តារសេដ្ឋកិច្ចបៃតង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)