វៀតណាមធ្វើជាប្រធាននៃកិច្ចសន្ទនារវាងអាស៊ាន និងប្រធានជាប់ឆ្នោត នៃមហាសន្និបាតអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០​ — ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉ក ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកអគ្គរដ្ឋទូត Dang Dinh Quy បានផ្តួចផ្តើម នឹងដឹកនាំកិច្ចពិភាក្សារវាងបណ្តាឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មនៃបណ្តាប្រទេសអាស៊ានប្រចាំនៅអង្គការសហប្រជាជាតិ និងប្រធានជាប់ឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ លោក Volkan Bozkir ។

ព្រឹត្តិការណ៍នេះមានគោលបំណងពិភាក្សា អំពីអាទិភាពរបស់ប្រធានមហាសន្និបាតអង្គការសហ-ប្រជាជាតិលើកទី៧៥ និងវិធានការណ៍នានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងមហា សន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។

លោក Bozkir បាននិយាយថា អាទិភាពដំបូងរបស់លោកសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ គឺការរៀបចំការជជែកពិភាក្សាកម្រិតខ្ពស់ និងកិច្ចប្រជុំមហាសន្និបាតដើម្បីអបអរសាទរខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិក្នុងខែកញ្ញាខាងមុខ ទាំងទម្រង់និម្មិត និងរូបសាស្រ្ត ដោយសារតែជំងឺរាតត្បាតកូវីដ -១៩ ។ លោកក៏បានគ្រោងនឹងលើកកម្ពស់វិធីសាស្រ្តការងារសមស្របដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាព ខណៈដែលកំពុងមានការធានាដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។

ប្រធានជាប់ឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ បាននិយាយថា លោកនឹងធ្វើការងារដើម្បីលើកកម្ពស់តួនាទី និងមុខងាររបស់មហាសន្និបាតអង្គការសហប្រជាជាតិ រួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិផ្អែកលើច្បាប់។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់អាស៊ានចំពោះអង្គការសហប្រជាជាតិនឹងបានសម្តែងក្តីសង្ឃឹមថាបណ្តាប្រទេសអាស៊ានរួមទាំងវៀតណាម និងឥណ្ឌូណេស៊ីដែលបច្ចុប្បន្នជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងខិតខំលើកកម្ពស់សាមគ្គីភាព និងឯកភាពរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សា     សន្តសុខរបស់អង្គការសហប្រជាជាតិ។

បណ្តាឯកអគ្គរដ្ឋទូតអាស៊ាន និងប្រធានបេសកកម្ម បានអបអរសាទរលោក Bozkir ដែលបានជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ ហើយបានសម្តែងការគាំទ្រចំពោះអាទិភាពនៅក្នុងរបៀបវារៈការងាររបស់លោក។ ពួកគេក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ហើយបានសន្យាថា នឹងធ្វើការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងការិយាល័យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិឱ្យបានល្អប្រសើរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)