ធនាគារកណ្តាលថៃជួយក្រុមហ៊ុនដែលរងការវាយប្រហារដោយជំងឺកូវីដ-១៩ ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០​ — លោកVeerathai Santiprabhobទេសាភិបាលធនាគារកណ្តាលថៃបាននិយាយថា ធនាគារកណ្តាល ថៃ (BoT) នឹងផ្តោតសំខាន់ទៅលើការជួយដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសក្រុមហ៊ុនណាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ពួកគេឡើងវិញ។

លោក Veerathai បាននិយាយថា ការកែសម្រួលគោលនយោបាយសារពើពន្ធអាចជួយសេដ្ឋកិច្ចថៃងើបឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។

ទោះជាយ៉ាងណា លោក Veerathai បាននិយាយថា ធនាគារកណ្តាលមិនអាចបន្ទាបអត្រាការប្រាក់គោល ០,៥ភាគរយរបស់ខ្លួនបានទេ ព្រោះវាមានកម្រិតទាបខ្លាំងរួចទៅហើយ។

លោកអភិបាលរូបនេះបាននិយាយថា គ្រោងការណ៍នៃការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ធនាគារ BoT នឹងអនុញ្ញាតឱ្យម្ចាស់បំណុលផ្អាកប្រាក់ដើម និងការប្រាក់រហូតដល់រយៈពេល ៦ខែ។

លោក Veerathai បាននិយាយថា ជាធម្មតា ការរៀបចំរចនាសម្ព័ន្ធបំណុលអាចប្រើបានរួមជាមួយការផ្តល់ប្រាក់កម្ចី។

លោកបាននិយាយបន្តថា គម្រោងធានាប្រាក់កម្ចីបន្ថែមនឹងជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាត។

លោកអភិបាលធនាគាររូបនេះបាននិយាយថា បណ្តាធនាគារពាណិជ្ជកម្មថៃបានដកប្រាក់ចំនួនច្រើនជាង ៧៥ប៊ីលានបាត (២,៣៧ប៊ីលានដុល្លារអាម៉េរិក) នៃប្រាក់កម្ចីទន់របស់ធនាគារកណ្តាល ចាប់តាំងពីបានអនុវត្តរបស់ខ្លួន ជាមួយនឹងប្រាក់កម្ចីសរុបមានចំនួនជាង ៥០០ប៊ីលានបាត (១៥,៨ប៊ីលានដុល្លារអាមេរិក) ។

លោក Veerathai បានពន្យល់ថា ក្រោមលក្ខខណ្ឌនៃគម្រោងប្រាក់កម្ចីទន់នេះ បណ្តាធនាគារទាំងនោះមិនអាចផ្តល់ជូននូវឥណទានដល់គ្រប់អតិថិជនទាំងអស់បានឡើយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)