មន្ទីរបរិស្ថានខេត្តរតនគិរី ពង្រឹងការការពារតំបន់ធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ15,08,2020


MC៖ មន្ទីរបរិស្ថានខេត្តរតនគិរី ពង្រឹងការការពារតំបន់ធនធានធម្មជាតិនៅក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឲ្យមាននិរន្តរភាព ធនធានជីវចម្រុះឲ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មកទល់ពេលនេះមន្ទីរបរិស្ថានខេត្តរតនគិរីបានពង្រឹងមន្រ្តីឧទ្យានុរក្សក៏ដូចជាប្រជាសហគមន៍ឲ្យចូលរួមការពារនៅតំបន់ការពារធម្មជាតិដូចជាការពារសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោកនិងការកាប់បំផ្លាញព្រៃឈើជាដើម។ លោកបានបន្តថា ដើម្បីការពារតំបន់ធម្មជាតិនៅក្នុងខេត្តរតនគិរីឲ្យនៅគង់វង្សបានលុះត្រាតែបងប្អូនប្រជាសហគមន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់មានតួនាទី សំខាន់ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ដើម្បី ការពារ និងអភិរក្សធនធានធម្មជាតិ ហើយការចូលរួមនេះ គឺជាកិត្តិយសសម្រាប់ជាតិទាំងមូល និងសម្រាប់បន្តមរតកដល់កូនចៅជំនាន់ក្រោយ។
លោកបញ្ជាក់ថា ដើម្បីសម្រេចនូវគោលបំណងនេះ យើងត្រូវជួយដល់ការអភិវឌ្ឍសហគមន៍ដើម្បីរួមចំណែកកាន់តែប្រសើរ ដើម្បីការពារ និងអភិរក្សធនធាន ធម្មជាតិនៅកម្ពុជាក្នុងនោះរួមមាន ការលើកកម្ពស់ជីវភាពសហគមន៍នៅ តាមតំបន់ការពារធម្មជាតិ ដោយបង្កលក្ខណៈឱ្យមានការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការ លើកកម្ពស់សុខភាព ការអប់រំ កូនចៅឲ្យយល់ដឹងពីផលប៉ះពាល់នៃការបំផ្លាញធនធានធម្មជាតិ។
«សំឡេង៖ ធ្វើយ៉ាងណាយើងត្រូវពង្រឹងតួនាទីភារៈកិច្ចរបស់មន្រ្តីបរិស្ថាន ដូចជាឧទ្យាននុរក្ស ឬក៏ឆ្មាំព្រៃ ហើយយើងជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន ព្រោះឥឡូវនេះ សហគមន៍មូលដ្ឋាន យើងកំពុងតែពង្រឹងសមត្ថភាពរបស់គាត់ដែលជាគណៈកម្មការសហគមន៍ធ្វើយ៉ាងណាឲ្យគាត់ចូលរួមឲ្យកាន់តែសកម្មលើកិច្ចការពារអភិរក្សនេះ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យការរក្សានូវធនធានសម្បត្តិធម្មជាតិនៅក្នុងតំបន់របស់យើងគង់វង្សទៅបាន ។ អញ្ចឹងដើម្បីឲ្យសហគមន៍ពួកគាត់មានការចូលរួមកាន់តែខ្លាំង ដោយទី១យើងបង្កើនជីវភាពរបស់ពួកគាត់អោយកាន់តែប្រសើរតាមរយៈឲ្យគាត់ចូលរួមថែរក្សាហើយគាត់នឹងទាញបានផលប្រយោជន៍យ៉ាងច្រើនពីផលអនុផលព្រៃឈើ ដូចជាទទួលបានផលសំរង ផលពីផ្សិតប៉ក់ ឃ្មុំ ផ្ដៅ ហើយជាពិសេសគឺវិស័យទេសចរណ៍តែម្ដង ដែលធ្វើឲ្យពួកគាត់អាចរកចំណូលបានកាន់តែប្រសើរឡើង។»
លោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាការពង្រឹងតួនាទីរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព តាមរយៈការបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។
សូមបញ្ជាក់ថា ក្នុងខេត្តរតនគិរីមានតំបន់ការពារធនធានធម្មជាតិចំនួន៧កន្លែង និងតំបន់របៀងអភិរក្ស ជីវៈចំរុះចំនួន១ផងដែរ៕