ភ្ញៀវទេសចរជាតិជាង២១ម៉ឺននាក់និងអន្តរជាតិជាង២,០០០នាក់ មកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃសម្រាករយៈពេល៥ថ្ងៃ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០


MC.ក្នុងកម្មវិធីសម្រាកសៀមរាបនារយៈពេល៥ថ្ងៃ ដេីម្បី​សងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៧ដល់២១ខែសីហា ឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិជាង២១ម៉ឺន នាក់ និងភ្ញៀវអន្តរជាតិជាង២,០០០នាក់ ដែលបានទៅកម្សាន្តនៅតំបន់ទេសចររណ៏សំខាន់ៗជាច្រើន។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាតាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងខេត្តសៀមរាបរយៈពេលឈប់សម្រាកចំនួន៥ថ្ងៃកន្លងមកនេះ មានភ្ញៀវទេសចរជាតិជាង២១ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួនជាង២០០០នាក់ បានមកកម្សាន្តក្នុងកម្មវិធីសម្រាកសៀមរាប និងតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ជាពិសេសរមណីយដ្ឋានអង្គរ។ លោកបន្តថា បើទោះបីជាស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យសណ្ឋាគារមួយចំនួនបានបិទយ៉ាងណាក្តី ប៉ុន្តែសេវាកម្មស្នាក់នៅដូចជាផ្ទះសំណាក់ និងសណ្ឋាគារមិនមានចោទជាបញ្ហាឡើយ ព្រោះថាមានសណ្ឋាគារជិត៩០កន្លែង បានបើកដំណើរការ ដើម្បីទទួលភ្ញៀវទេសចរ មកកម្សាន្តក្នុងតម្លៃសមរម្យ។
សំឡេង៖មិនមានអ្វីជាបញ្ហាទេសម្រាប់ខេត្តសៀមរាបទាក់ទងនិងសេវាស្នាក់នៅ ទោះបីជាស្ថិតក្នុងដំណាក់កាលជំងឺកូវីដ១៩ដែលមានសណ្ឋាគារមួយចំនួនបិទក៏ដោយ ប៉ុន្តែក៏មានសណ្ឋាគារជិត៩០បានបើកដំណើរការ ភាគច្រើនមានការកក់មុន តាមរយៈមិត្តភ័ក្រ តាមរយៈមន្ទីរ និងតាមរយៈអនឡាញ សៀមរាបយើងសេវាផ្គត់ផ្គង់ខាងស្នាក់នៅច្រើន អញ្ចឹងសព្វថ្ងៃនេះកន្លែងដែលបានបិទក៏បើកឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ នៅសៀមរាបមានកម្មវិធីច្រើនសម្រាប់ថ្ងៃសម្រាក ហើយកម្មវិធីនីមួយៗមានត្រួតពិនិត្យ វាស់កម្តៅ រកជំងឺកូវីង១៩ គ្រប់ទីតាំងទាំងអស់ យើងមានជិះកង់ តាំងពិព័ណ៍ ជិះទូកកម្សាន្តតាមដងស្ទឹង មានច្រើនទៀតដែលតាមសហគមន៍តាមស្រុករៀបចំ អញ្ចឹងយើងឃើញភ្ញៀវភាគច្រើនទៅទស្សនាតំបន់រមណីដ្ឋានអង្គរ និងរមណីដ្ឋានផ្សេងៗ ហើយនៅសៀមរាបរយៈពេល៥ថ្ងៃយើងបានប្រមាណជាង២១ម៉ឺននិងអន្តរជាតិ២០៤៧នាក់។
បើយោងតាមប្រសាសន៍ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា មុនពេលរៀបចំកម្មវិធីសម្រាកសៀមរាប មានក្រុមការងារចម្រុះរបស់ថ្នាក់ខេត្ត មន្ទីរទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបានចុះអប់រំផ្សព្វផ្សាយ ណែនាំទៅកាន់ម្ចាស់សេវាកម្មស្នាក់ទាំងអស់ ឲ្យចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងការសម្រួលដល់តម្លៃសេវាកម្មស្នាក់នៅរបស់ភ្ញៀវទេសចរ។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តសៀមរាប បានរៀបចំកម្មវិធីសម្រាកសៀមរាបឡើងក្នុងគោលបំណង បង្ហាញពីសក្តានុពលនៃវិស័យទេសចររបស់ខេត្ត និងដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋ អាជីវករដែលអាស្រ័យផលលើវិស័យទេសចរ ដែលបានបាត់បង់ប្រាក់ចំណូលដោយសារ វិបត្តិនៃជំងឺកូវីដ១៩កន្លងមក៕