កុមារកម្ពុជាកំពុងរងការកេងប្រវញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៨ ២០២០


MC: ក្រុមអ្នកជំនាញ លើកឡើងថា កុមារកម្ពុជាកំពុងត្រូវបានគេកេងប្រវញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលទាមទារនូវវិធានការទប់ស្កាត់ជាបន្ទាន់។
លោកស្រី ហ្សូអេ ដេ ម៉េឡូ(Zoe de Melo) ប្រធានស្តីទីអង្គការដែនដីមនុស្សនៃប្រទេសហូឡង់ ដែលធ្វើការងារលើផ្នែកការពារកុមារនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ បានឱ្យដឹងថា នៅកម្ពុជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កើតមានឡើងគួរឱ្យព្រួយបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ មុនពេលវាកើតឡើងបន្ថែមទៀត។
លោកស្រី បញ្ជាក់ថា កុមារនៅកម្ពុជា ក៏ដូចជានៅលើសកលលោក បាននិងកំពុងរងការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតនានា។ លោកស្រី បន្តថា តាមលទ្ធផលវិភាគស្ថានភាពដំបូងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ បានបង្ហាញថា កុមារ៨០ភាគរយ បានរាយការណ៍ថា ពួកគេមិនមានអារម្មណ៍សុវត្ថិភាពទាំងស្រុងនៅលើប្រព័ន្ធអនឡាញ ក្នុងនោះ៦០ភាគរយនៃកុមារ បានចែករំលែកថា ពួកគេបានឃើញនូវសម្ភារសិច និងសកម្មភាពសិចនានា។
លោកជំទាវ ញេប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ មានប្រសាសន៍ថា ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន និងការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាតមានការពេញនិយមនោះ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ បានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារការរំលោភបំពាននេះ។ លោកជំទាវ បានសង្កត់ធ្ងន់ថា «បញ្ហានេះ ជាបញ្ហាអន្តរវិស័យ និងប្រទាក់ក្រឡាគ្នាដែលត្រូវរួមគ្នាដោះស្រាយ ដោយមិនអាចមានតែក្រសួងស្ថាប័នណាមួយដោះស្រាយតែម្នាក់ឯងបាននោះទេ»៕